ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ដែលបានធ្វើសកម្មភាពបង្កហិង្សាវាយគេឯងផ្អើលពេញមង្គលការ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនតាមដីកា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជាម វិចិត្រ អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិអន្លង់វិល ឃុំស្យា ស្រុកកណ្តៀង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាមដីកានាំខ្លួនលេខ ២៦៣ន.ខ/១៧ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ស៊ិន ពិសិដ្ឋ ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកំពុងត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនខ្លួនទៅសាលាដំបូងខេត្តពោធិសាត់ ដើម្បីចាត់ការបន្ត តាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ មានអំពើហិង្សាដោយចេតនាមួយបានកើតឡើងនៅត្រង់ចំណុចរោងមង្គលការមួយកន្លែង ស្ថិតក្នុងភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង ដោយក្រុមភ្ញៀវខាងកូនកំលោះ បានប្រើស្នាប់ដៃស្ទុះចូលទៅ វាយប្រហារភ្ញៀវខាងកូនក្រមុំ បណ្តាលឱ្យរងរបួសចំនួន៥នាក់ និងធ្វើឱ្យបាត់លុយចំណងដៃប្រមាណ១០លានរៀលទៀតផង។
តាមប្រភពពីប្រជាពលរដ្ឋម្នាក់នៅក្បែរផ្ទះម្ចាស់ដើមការ បានឱ្យដឹងដោយសុំមិនបញ្ចោញឈ្មោះថា ខណៈដែលពិធីមង្គលការរបស់កូនស្រីអ្នកភូមិម្នាក់ ឈ្មោះស្រី ចេតប៉ក់ ភេទប្រុស អាយុ៥០ឆ្នាំ កំពុងប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ ស្រាប់តែហ្វូងអ្នកលេងអាវុធស្នាប់ដៃដែលជាភ្ញៀវខាងកូនកំលោះ បានចូលវាយភ្ញៀវខាងកូនក្រមុំ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៥នាក់ រួមទាំងមេភូមិបឹងចកម្នាក់ផង និងថែមទាំងធ្វើឱ្យបាត់ចំណងដៃប្រមាណ១០លានរៀលផងដែរ ខណៈភ្ញៀវកំពុងហូបអាហារ ស្តាប់ភ្លេង និងរាំលេងយ៉ាងសប្បាយនោះ។

ប្រភពដដែលបន្តទៀតថា ជនរងរបួសនៅក្នុងហេតុការណ៍ខាងលើមានចំនួន ០៥នាក់ ក្នុងនោះបែកឈាមចំនួន៣នាក់ រួមទាំងលោកមេភូមិបឹងចកផងដែរ ហើយជនរងរបួសទាំងសុទ្ធជាអ្នកឃាត់កុំឱ្យក្រុមជនដៃដល់អុកឡុកកម្មវិធី។ ចំណែកក្រុមជនបង្ក ត្រូវគេស្គាល់ថាសុទ្ធតែខាងភ្ញៀវកូនកំលោះ ដោយពួកគេបានធ្វើសកម្មភាពចំពេលភ្ញៀវកំពុងអង្គុយហូបអាហារបណ្តើរ ស្តាប់ភ្លេងបណ្តើរ និងរាំរែកលេងកម្សាន្តបណ្តើរ ហើយក្រុមជនបង្កអាចរៀបគំរោងរួចជាស្រេចក៏ថាបាន ព្រោះនៅពេលផ្ទុះរឿងឡើងភ្លាម ស្រាប់តែឃើញម្នាក់ៗមានស្នាប់ដៃជាអាវុធគ្រប់ដៃ និងបាននាំគ្នាគេចខ្លួនបាត់អស់ក្រោយពីបង្កហេតុរួច។
លោកវរសេនីយ៍ត្រី លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានឱ្យដឹងថា ករណីហិង្សាដោយចេតនាក្នុងពិធីអាពាហ៍ពិពាហ៍ខាងលើ ពិតជាបានកើតឡើងមែន ហើយភ្លាមនោ កះម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនដល់ម្នាក់ ឈ្មោះប៊ិន គាន ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅ ក្នុងភូមិវត្តលៀប ឃុំស្យា ស្រុកកណ្តៀង ដោយជននេះបានដាល់ជនរងគ្រោះឈ្មោះង៉ែត គឹមអៀង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕