Sunday, November 9, 2025
Homeព័ត៌មានជាតិខ្លាំងបាត់!!! កាន់ដាវ និងកាំភ្លើងជ័រ ដើរបង្អួតគេឯងពេញស្រុក ជាប់ខ្នោះ

ខ្លាំងបាត់!!! កាន់ដាវ និងកាំភ្លើងជ័រ ដើរបង្អួតគេឯងពេញស្រុក ជាប់ខ្នោះ

ខេត្តស្វាយរៀង ៖ បុរសជើងខ្លាំងម្នាក់ នៅសុខៗក៏កាន់ដាវផង កាន់កាំភ្លើងខ្លីឱ្យផង (កាំភ្លើងជ័រ) ដើរបង្អួតគេឯងពេញស្រុក បង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួននាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។

បុរសដែលកាន់ដាវ និងកាំភ្លើងជ័រ ពេញភូមិបង្កការភ្ញាក់ផ្អើលនេះ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល។

បុរសដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះង៉ែត តារា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះសុខ សាខន អាយុ២០ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានដើរនៅតាមផ្លូវដោយក្នុងដៃម្ខាងមានកាន់ដាវសាំម៉ូរ៉ៃ ចំណែកដៃម្ខាងទៀត មានកាន់កាំភ្លើងខ្លី១ដើម ព្រមទាំងមានសៀតខ្នោះជាប់ចង្កេះខោទៀត ហើយបើតាមដឹង ជននេះមិនមានតួនាទីជាសមត្ថកិច្ចអ្វីសោះ តែមិនដឹងជាបានកាំភ្លើង និងខ្នោះដៃមកពីណា ដើរស្រែកឡូឡាពេញភូមិ ទើបធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានបុរសម្នាក់គ្មានតួនាទីជាសមត្ថកិច្ចបានកាន់អាវុធ រួមមាន ដាវ និងកាំភ្លើងខ្លី ព្រមទាំងមានខ្នោះ ដើរបង្អួតសម្ញែងគេឯងពេញភូមិបែបនេះ សមត្ថកិច្ចក៏ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលឃុំថ្នាធ្នង់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆេររកឃើញ កាំភ្លើងខ្លី១ដើម ពណ៌ខ្មៅ (កាំភ្លើងជ័រ) ដាវសាំម៉ូរ៉ៃ ១ដើម ដំបង១ ខ្នោះដៃ ១គូ លុយដុល្លារ (លុយសែន) សរុប១៨៤០ដុល្លារ អត្តសញ្ញាប័ណ្ណ២សន្លឹក សំបុត្រកំណើត១សន្លឹក ព្រមទាំងកាតគ្រីម៉ូតូ ១ច្បាប់ទៀតផង។

បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យខាងលើ ក៏រកឃើញថា ជនសង្ស័យរូបនេះមានផ្ទុកសារធាតុញៀន និងបានសន្និដ្ឋាន មូលហេតុដែលជនសង្ស័យដើរកាន់អាវុធបង្អួតសម្ញែងគេឯងពេញស្រុកភូមិនេះ គឺបណ្តាលមកពីរូបគេជាមនុស្សបែកថ្នាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសុំណុំរឿងចាត់ចែងបន្តតាមនីតិវិធី៕

RELATED ARTICLES