Sunday, November 9, 2025
Homeព័ត៌មានជាតិខឹងដេញកាប់ប្រពន្ធមិនបាន ដុតផ្ទះឆេះ

ខឹងដេញកាប់ប្រពន្ធមិនបាន ដុតផ្ទះឆេះ

ខេត្តកណ្តាល ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏រករឿងឈ្លោះប្រកែកទាញកាំបិតផ្គាក់ និងពូថៅដេញកាប់ប្រពន្ធ តែត្រូវប្រពន្ធរត់គេចទាន់ ធ្វើឱ្យបុរសជាប្តីកាន់តែច្រឡោតខឹងរឿងកាប់ប្រពន្ធអត់បាន ក៏ចូលទៅប្រមូលសម្ភារៈទ្រព្យសម្បត្តិក្នុងផ្ទះ យកមកកាប់បំផ្លាញរួចដុតចោល បណ្តាលឱ្យឆេះអស់គ្មានសល់ សំណាងល្អមិនឆេះដល់ផ្ទះ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏ប្តឹងប៉ូលិសឱ្យអូសកប្តីយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក។

 

ជនបង្កហេតុជាប្តីកំណាចដែលខឹងដេញកាប់ប្រពន្ធអត់បានតាមបំណង ក៏ដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់នេះ មានឈ្មោះគិត ចន អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះគ្រុយុ អ៊ាង អាយុ៥៧ឆ្នាំ មុខរបរធ្វើចម្ការ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមការអះអាងរបស់ស្ត្រីជាប្រពន្ធ ទ្រព្យសម្បត្តិដែលទទួលរងការខូចខាតដោយសារស្នាដៃប្តីកំណាចខាងលើ រួមមាន ឆេះពូកម៉ូតូ ១គ្រឿង ស្រូវនិងអង្ករចំនួន៥បាវ ទូរទស្សន៍ចំនួន១គ្រឿង រួមនឹងសម្ភារៈផ្សេងៗទៀតជាច្រើន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES