Sunday, November 9, 2025
Homeព័ត៌មានជាតិអង្គុយកាត់សក់សុខៗ គូទំនាស់ចាស់កាប់ប្រហារពីក្រោយ រងរបួសធ្ងន់

អង្គុយកាត់សក់សុខៗ គូទំនាស់ចាស់កាប់ប្រហារពីក្រោយ រងរបួសធ្ងន់

ខេត្តកណ្តាល ៖ យុវជនម្នាក់កំពុងអង្គុយកាត់សក់សុខៗ ក៏ស្រាប់តែត្រូវគូទំនាស់ចាស់ម្នាក់ បានធ្វើសកម្មភាពលបកាប់ប្រហារពីក្រោយ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចរោងកាត់សក់របស់ឈ្មោះអាន វ៉ាន់ ស្ថិតនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ។

យុវជនរងគ្រោះដែលត្រូវគូទំនាស់លបកាប់របួសធ្ងន់ មានឈ្មោះគឿន ប៊ុនធឿន អាយុ២៣ឆ្នាំ មុខរបរបុគ្គកលិកកាស៊ីណូហ្គេនដ្ត្រាហ្គន រីសត មានលំនៅក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ (រងរបួសធ្ងន់)។ ចំណែកជនសង្ស័យមានឈ្មោះនៅ ធឿន អាយុ២៥ឆ្នាំ មុខរបរបើកម៉ូតូរ៉ឺម៉កកង់បី មានទីលំនៅភូមិកំពង់ដរ ឃុំជ្រោយតាកែវ ស្រុកកោះធំ បច្ចុប្បន្នស្នាក់នៅជាមួយម្តាយមីង ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ (បានរត់គេចខ្លួន)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យធ្លាប់មានទំនាស់ជាមួយគ្នា រហូតឈានដល់ការវាយតប់គ្នាទៀតផង ប៉ុន្តែពុំបានប្តឹងផ្តល់អ្វីនោះទេ។ ស្រាប់តែមកដល់វេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ខណៈដែលជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនមកកាត់សក់នៅចំណុចរោងជាងកាត់សក់របស់ឈ្មោះអាន វ៉ាន់ ខណៈនោះស្រាប់តែជនសង្ស័យដែលជាគូទំនាស់ចាស់បានប្រទះឃើញ ក៏ជិះម៉ូតូសណ្តោងរ៉ឺម៉ក មកឈប់នៅមុខរោងជាងកាត់សក់ រួចក៏បានចុះពីលើម៉ូតូដើរសំដៅទៅរកជនរងគ្រោះ ហើយបានកាប់ជនរងគ្រោះ ដែលកំពុងអង្គុយកាត់សក់ភ្លេចខ្លួន បណ្តាលឱ្យជនរងគ្រោះទទួលរងបួសធ្ងន់។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូកង់បីរបស់ខ្លួនជិះយកមកទុកនៅផ្ទះម្តាយមីងដែលខ្លួនស្នាក់នៅ រួចបានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES