ខេត្កកណ្តាល ៖ ក្រុមគ្រួសារចំនួន២ ត្រូវជាសាច់ញាតិនឹងគ្នា បានកើតមានជម្លោះពីរឿងព្រំដី រហូតឈានដល់អំពើហិង្សាដេញវាយគ្នាប្រសាច បណ្តាលឱ្យភាគីម្ខាងរងរបួសធ្ងន់ស្រាល៣នាក់ ក្នុងនោះ មានម្នាក់សន្លប់ដល់ទៅ២ម៉ោង ប៉ុន្តែអ្វីដែលភាគីរងគ្រោះហួសចិត្តបំផុតនោះ គឺនៅពេលកើតមានអំពើហិង្សាបែបនេះ បែរជាលោកមេប៉ុស្តិ៍ មិនអើពើជួយទាក់ទងហៅរថយន្តសង្គ្រោះ ឬឃាត់ខ្លួនជនបង្កទៅសួរនាំនោះទេ។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្បែរស្ពានព្រែកហូរថ្មី ភូមិបត្តាជីលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ជនរងគ្រោះមានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះសុន សៀវម៉ី ភេទស្រី អាយុ២២ឆ្នាំ ទី២-ឈ្មោះណុប សំអូន ភេទស្រី អាយុ៤១ឆ្នាំ និងទី៣-ឈ្មោះខេន មករា ភេទប្រុស អាយុ៣១ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពព័ត៌មានច្បាស់ការបានបង្ហើបឱ្យដឹងថា ពាក់ពន្ធ័និងអំពើហិង្សានេះ បានកើតឡើងដោយមូលហេតុធ្លាប់មានទំនាស់រ៉ាំរ៉ៃជាយូរមកហើយ រឿងព្រំដី និងការសាងសង់ផ្ទះ ហើយភាគីទាំងសងខាងក៏ត្រូវជាសាច់ញាតិនឹងគ្នាទៀត។ លុះដល់ល្ងាចថ្ងៃទី២៣ ខែសីហា នេះ ក៏បានទាក់មាត់គ្នាទៅវិញទៅមក បង្កឱ្យមានអំពើហិង្សាកើតឡើងដេញវាយគ្នា និងកាប់តែម្តង បណ្តាលឱ្យភាគីរងគ្រោះរងរបួសធ្ងន់ស្រាល៣នាក់។

ជុំវិញករណីហិង្សាខាងលើនេះ ភាគីខាងជនរងគ្រោះបានសម្តែងនូវការហួសចិត្ត ចំពោះលោកឯម ចាន់រ៉ាត់ មេប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ដែលឃើញជនរងគ្រោះដេកដួលសន្លប់នៅកន្លែងកើតហេតុជិត២ម៉ោង គ្មានទំនាក់ទំនងទៅខាងរថយន្តសង្គ្រោះឱ្យដឹងជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យនោះទេ ហើយថែមទាំងមិនឃាត់ខ្លួនជនបង្កទៀត បានត្រឹមតែអញ្ជើញភាគីបង្កទៅប៉ុស្តិរដ្ឋបាល ដើម្បីធ្វើការសាកសួរទៅវិញ។

បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានឱ្យេដឹងថា ពាក់ពន្ធ័នឹងអំពើរហិង្សារវាងបងប្អូនគ្នាខាងលើនេះ កម្លាំងជំនាញកំពុងសហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាលកំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
