Sunday, November 9, 2025
Homeព័ត៌មានជាតិសាហាវពេកហើយ!!! គ្រាន់តែស្តីបន្ទោសរឿងគប់អំបែងដបមុខផ្ទះ កាប់មិនប្រណី

សាហាវពេកហើយ!!! គ្រាន់តែស្តីបន្ទោសរឿងគប់អំបែងដបមុខផ្ទះ កាប់មិនប្រណី

ខេត្តកោះកុង ៖ បុរសម្នាក់បានយកអំបែងដបគប់ចោលនៅខាងមុខផ្ទះអ្នកជិតខាងម្នាក់ លុះខឹងនឹងម្ចាស់ផ្ទះគេស្តីបន្ទោស ក៏ស្រាប់តែទៅទាញកាំបិតប៉័ងតោ កាប់ប្រហារបណ្តាលឱ្យរងរបួសរយះក្បាលយ៉ាងធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

ជនដៃដល់ដែលកាប់ប្រហារបុរសម្នាក់១កាំបិតរយះក្បាល មានឈ្មោះរ៉ូន ឌុលឡោះ អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះហ្វើត អ៊ូម៉ើត អាយុ៤៦ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាមដូចគ្នា  មុខរបរលក់ដូរ មានលំនៅផ្ទះកើតហេតុខាងលើ (រងរបួសធ្ងន់ត្រង់ក្បាល)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅសុខៗស្រាប់តែជនសង្ស័យបានយកអំបែងដប ទៅគប់ចោលនៅខាងមុខផ្ទះរបស់ជនរងគ្រោះ លុះពេលឃើញជនសង្ស័យគប់អំបែងដបមុខផ្ទះខ្លួនបែបនេះ ជនរងគ្រោះក៏បានស្តីបន្ទោសឱ្យជនសង្ស័យ២-៣ម៉ាត់។ ចំណែកជនសង្ស័យក៏មិនបានតបតអ្វីដែរ ហើយក៏បានដើរចេញទៅវិញបាត់ ស្រាប់តែបន្តិចក្រោយមក ជនសង្ស័យក៏បានកាន់កាំបិតប៉័ងតោ សំដៅមករកជនរងគ្រោះ រួចកាប់ជនរងគ្រោះមួយកាំបិតចំក្បាលបណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES