ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសចំនួន៤នាក់ អាយុចន្លោះពី៦ឆ្នាំទៅ១២ឆ្នាំ បាននាំគ្នាយកគ្រាប់បែកប្រភេទ M79 មួយគ្រាប់ (មិនដឹងបានមកពីណា) យកមកដំលេងជុំគ្នា បណ្តាលឱ្យគ្រាប់នោះផ្ទុះកក្រើក បង្កឱ្យក្មេងប្រុសម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ដោយអំបែងគ្រាប់ខ្ទាតចំរបួសសុសពេញខ្លួន ចំណែកក្មេងប្រុសចំនួន៣នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះជីវិតភ្លាមៗ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបរិវេណបន្ទាយ ACO ស្ថិតក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច។
ក្មេងប្រុសរងគ្រោះទាំង៤នាក់ខាងលើ រួមមាន ទី១-ឈ្មោះងោល តាំងហេង អាយុ១០ឆ្នាំ (ស្លាប់នៅនឹងកន្លែង) ទី២-ឈ្មោះសូន រ័ត្ន អាយុ១២ឆ្នាំ (រងរបួសធ្ងន់) ទី៣-ឈ្មោះយ៉ែម ស្វិត អាយុ៩ឆ្នាំ (រងរបួសធ្ងន់) និងទី៤-ឈ្មោះយ៉ែម ខ្មៅ អាយុ៦ឆ្នាំ (រងរបួសធ្ងន់)។ ក្មេងប្រុសរងគ្រោះទាំង៤នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

ក្រោយកើតហេតុភ្លាមៗ អ្នកភូមិ រួមនឹងអាជ្ញាធរមូលដ្ឋាន ដែលបានឮសំឡេងផ្ទុះកក្រើក ក៏នាំគ្នាប្រញាប់ប្រញាល់ចុះទៅតាមរកមើលនៅកន្លែងផ្ទុះ លុះទៅដល់ក៏ប្រទះឃើញក្មេងប្រុស៤នាក់ ដេករដូករណែល ដោយមានស្នាមរបួសពេញខ្លួន ហើយក្នុងនោះ មានក្មេងប្រុសឈ្មោះងោល តាំងហេង បានស្លាប់ក្នុងថ្លុកឈាមទៅហើយ។ បន្ទាប់មក ក្មេងប្រុសរងគ្រោះទាំង៣នាក់ ដែលរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានមន្ត្រីជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕