Saturday, November 8, 2025
Homeព័ត៌មានជាតិស្រវឹងស្រាដើរស្រែក “អាណាខ្លាំងៗៗ” ឃើញកង់៣ជិះមកក្បែរ ស្ទុះវាយបែកកញ្ចក់

ស្រវឹងស្រាដើរស្រែក “អាណាខ្លាំងៗៗ” ឃើញកង់៣ជិះមកក្បែរ ស្ទុះវាយបែកកញ្ចក់

ភ្នំពេញ ៖ បុរសជាសន្តិសុខក្លឹបរាត្រីម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែកដើរទ្រេតទ្រោត និងស្រែកឡូឡាពេញផ្លូវ លុះឃើញម៉ូតូកង់បី១គ្រឿង បើកមកក្បែរ ក៏ស្ទុះទៅវាយបែកកញ្ចក់ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ក៏ត្រូវសន្តិសុខស្រវឹងរូបនោះ ចោទថា មកពីម៉ូតូកង់បី បម្រុងបើកបំបុករូបគេ ទើបគេវាយដើម្បីការពារខ្លួន ធ្វើឱ្យអ្នកចោមរោមមើល បានត្រឹមគ្រវីក្បាលហួសចិត្ត។

ហេតុការណ៍សន្តិសុខជើងខ្លាំងស្រវឹង ដើរបង្ករឿងអុកឡុកពេញផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខមន្ទីរពេទ្យសែនសុខ តាមបណ្តោយផ្លូវ១៩៨៦ កែងផ្លូវ១០១១ ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនបង្កមានឈ្មោះពេជ្រ ប៊ុន្ថា អាយុ៣៣ឆ្នាំ មុខរបរជាសន្តិសុខយាមក្លឹបហ្គោលឡាញ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះវ៉ា រី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាអ្នកបើកម៉ូតូកង់បី ស្នាក់នៅម្តុំពោធិ៍ចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កខាងលើ រួមទាំងបុរស២នាក់ផ្សេងទៀត បានធ្វើដំណើរថ្មើរជើងតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច និងក្នុងស្ថានភាពស្រវឹងជោកជាំ ដោយដើរបណ្តើរស្រែកបណ្តើរថា “អាណាខ្លាំងៗ”។ លុះដើរមកដល់ចំណុចកើតហេតុខាងលើ ជនបង្កក៏បានដើរឆ្លងផ្លូវទៅផ្លូវម្ខាងទៀតតែម្នាក់ឯង លុះឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏មានម៉ូតូកង់បី១គ្រឿង ម៉ាក Baja ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD-6332 បើកបរដោយបុរសរងគ្រោះ និងដឹកភ្ញៀវស្រីម្នាក់ពីក្រោយ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច។ ពេលនោះ ស្រាប់តែជនបង្កខាងលើបានឈប់នៅកណ្តាលផ្លូវ ហើយចង្អុលមុខជនរងគ្រោះ និងបានស្រែកហៅឱ្យឈប់កង់បី។

ប្រភពដដែលបន្តថា ឃើញសភាពបែបនេះ ជនរងគ្រោះក៏បានឈប់ម៉ូតូកង់បី ចំងាយប្រមាណ១០ម៉ែត្រពីជនបង្ក ស្រាប់តែភ្លាមនោះ ជនបង្កក៏រត់សំដៅទៅវាយកញ្ចក់ម៉ូតូកង់បីរបស់ជនរងគ្រោះមួយដៃបណ្តាលឱ្យបែកស្រាំ ហើយក៏កើតជាឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក និងត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះជួយឃាត់ខ្លាចកើតមានហិង្សា ព្រមទាំងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឱ្យជួយមកអន្តរាគមន៍។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីដឹកភ្ញៀវម្នាក់ចេញមកពីខាងមុខក្លឹបហ្គោលឡាញ បំណងដឹកទៅដាក់នៅម្តុំពោធិ៍ចិនតុង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កខាងលើឈរនៅកណ្តាលផ្លូវ ហើយស្រែកឱ្យគាត់ឈប់ ទើបគាត់ខ្លាចមានបញ្ហា ក៏ព្រមឈប់ម៉ូតូកង់បីទៅ ស្រាប់តែភ្លាមនោះ ជនបង្កបានស្ទុះមកវាយកញ្ចក់ម៉ូតូកង់បីរបស់គាត់ បណ្តាលឱ្យបែក ដោយចោទគាត់ថា បំរុងបើកកង់បីបំបុករូបគេទៅវិញ ពិតជាហួសចិត្តខ្លាំងណាស់។

ដោយឡែក ជនបង្កបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានវាយបំបែកកញ្ចក់កង់បីរបស់ជនរងគ្រោះប្រាកដមែន ព្រោះមុនពេលកើតហេតុ រូបគេទើបតែចេញមកពីកន្លែងធ្វើការ ហើយបម្រុងដើរទៅបន្ទប់ជួល លុះពេលដើរឆ្លងផ្លូវ ស្រាប់តែម៉ូតូកង់បីខាងលើ បម្រុងបើកបំបុករូបគេ ទើបគេបានវាយកញ្ចក់កង់បីខាងលើមួយដៃ ដើម្បីការពារខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅសាកសួរនាំ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។ ដោយឡែក ជនបង្កត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES