Saturday, November 8, 2025
Homeព័ត៌មានជាតិម្ចាស់លុយខឹងហៅបក្ខពួកវាយកូនបំណុល បែកភ្នែក ព្រោះមិនព្រមសង

ម្ចាស់លុយខឹងហៅបក្ខពួកវាយកូនបំណុល បែកភ្នែក ព្រោះមិនព្រមសង

ខេត្តស្វាយរៀង ៖ បុរសជាជនជាតិចិនម្នាក់ បានខ្ចីប្រាក់ពីជនជាតិចិនដូចគ្នា ចំនួន៥ពាន់យ័ន (ប្រាក់ចិន) លុះអត់មានប្រាក់សងគេវិញ ក៏ត្រូវម្ចាស់លុយហៅបក្ខពួកមកព្រួតវាយទៅលើជនរងគ្រោះ បណ្តាលឱ្យបែកភ្នែក និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីជនជាតិចិនផ្ទុះអំពើហិង្សា ដោយសាររឿងខ្ចីលុយអត់សងនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវបេតុង (ខាងមុខមន្ទីរពេទ្យផាសុខភាព២ បាវិត) ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះទឹង យឹងយៀក ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកអនឡាញ ទី២-ឈ្មោះផាង ឈៀន ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន មុខរបរចុងភៅ និងទី៣-ឈ្មោះដុង យុនឈុន ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកអនឡាញ។ ជនសង្ស័យទាំង៣នាក់ខាងលើ ស្នាក់នៅបណ្តោះអាសន្ននៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ចំណែកជនរងគ្រោះមានឈ្មោះលិវ មិញសឿ ហៅថូវចាយ ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅខ្ចីលុយពីជនសង្ស័យ ចំនួន៥ពាន់យ័ន (ប្រាក់ចិន) លុះក្រោយមក ម្ចាស់លុយបានទារយកលុយវិញ តែជនរងគ្រោះមិនទាន់មានលុយឱ្យ ក៏ធ្វើឱ្យកើតជាជម្លោះតឹងសរសៃកដាក់គ្នា ប៉ុន្តែមិនឈានដល់អំពើហិង្សានោះទេ។

ប្រភពដដែលបន្តថា ដោយសារតែខឹងសម្បានឹងរឿងជនរងគ្រោះជំពាក់លុយមិនសង ហើយនៅសម្តីថ្លោសហ៊ានឈ្លោះប្រកែកជាមួយខ្លួនទៀត ទើបជនសង្ស័យជាម្ចាស់លុយ បានទៅហើយគូកនរបស់ខ្លួន២នាក់ទៀត រួចក៏នាំគ្នាទៅព្រួតវាយជនរងគ្រោះ បណ្តាលឱ្យរងរបួសបែក ភ្នែកខាងស្តាំ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំយកទៅសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណុំរឿងចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES