Saturday, November 8, 2025
Homeព័ត៌មានជាតិមិនបានលុយហើយ ខ្ទេចម៉ូតូទៀត ព្រោះភ្ញៀវខ្វះថ្លៃខារ៉ាអូខេ

មិនបានលុយហើយ ខ្ទេចម៉ូតូទៀត ព្រោះភ្ញៀវខ្វះថ្លៃខារ៉ាអូខេ

ភ្នំពេញ ៖ យុវជនជាបុគ្គលិកហាងខារ៉ាអូខេម្នាក់ បានជិះម៉ូតូជូនភ្ញៀវម្នាក់ទៅផ្ទះយកលុយ (ខ្វះថ្លៃខារ៉ាអូខេ) លុះដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុម បានជិះម៉ូតូដេញតាម រួចស្ទាក់វាយបំណងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារមានមនុស្សច្រើនពេក និងបណ្តាលឱ្យបុគ្គលិកខារ៉ាអូខេជាម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកយុវជនជាភ្ញៀវរងរបួសធ្ងន់។

ហេតុការណ៍ជនសង្ស័យដេញវាយប្លន់ម៉ូតូ តែមិនបានសម្រេចនេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៧១ ចំណុចស្ថានីយប្រេងឥន្ធនៈតូតាល់ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឈុំ ពុនសារ៉ាត អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅបឹងទំពុន ខណ្ឌមានជ័យ។ ចំណែកយុវជនជាភ្ញៀវដែលទទួលរងរបួសធ្ងន់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ។ ដោយឡែក​ម៉ូតូដែលជនសង្ស័យព្រួតវាយបម្រុងប្លន់ តែមិនបានសម្រេចនោះ ម៉ាកស៊ុយុស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FG-8941។

តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានភ្ញៀវម្នាក់ (ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណខាងលើ) បានចូលមកច្រៀងខារ៉ាអូខេនៅក្នុងហាងដែលរូបគេបម្រើការ។ លុះក្រោយពីផឹកស៊ីច្រៀងចប់ គិតលុយ ក៏ខ្វះលុយមួយចំនួន ទើបរូបគេត្រូវបានម្ចាស់ហាងប្រាប់ឱ្យជូនភ្ញៀវរូបនោះទៅផ្ទះ ដើម្បីយកលុយមកបង្គ្រប់ថ្លៃខារ៉ាអូខេ។

ជនរងគ្រោះ បន្តថា បន្ទាប់មក រូបគេក៏បានជិះម៉ូតូនិច ដឹកភ្ញៀវខាងលើចេញពីហាងខារ៉ាអូខេ បំណងទៅផ្ទះរបស់ភ្ញៀវដើម្បីយកលុយ ដោយជិះម៉ូតូពីជើងទៅត្បូង។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានដេញវាយពីក្រោយតាំងពីផ្សារសុវណ្ណា រហូតមកដល់ចំណុចកើតហេតុខាងលើ ក៏បានធាក់បណ្តាលឱ្យម៉ូតូរបស់ខ្លួនដួល បម្រុងប្លន់ ប៉ុន្តែដោយសារឃើញប្រជាពលរដ្ឋនៅកន្លែងកើតហេតុច្រើនពេក ធ្វើក្រុមក្មេងស្ទាវទាំងនោះយកម៉ូតូមិនបាន ក៏នាំគ្នាជិះគេចខ្លួនអស់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានជូនជនរងគ្រោះទៅប៉ុស្តិ៍បឹងទំពុន១ ដើម្បីដាក់ពាក្យបណ្តឹង ចំណែកជនងគ្រោះម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ៕

RELATED ARTICLES