ភ្នំពេញ ៖ ជនជាប់ចោទម្នាក់ ដែលបានប្រព្រឹត្តអំពើហិង្សាវ៉ៃប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅដាក់ពន្ធនាគារព្រៃស កាលពីចុងឆ្នាំ២០១៧ តែបែរជាបានលួចដោះខ្នោះដៃ លោតចុះពីលើឡានប៉ូលិសគេចខ្លួនបាត់នៅពាក់កណ្តាលផ្លូវនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនជាប់ចោទដែលលួងដោះខ្នោះដៃ លោតពីលើឡានប៉ូលិសគេចខ្លួនជិត១ឆ្នាំ និងទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបាននេះ មានឈ្មោះតុប ម៉ៅ ហៅតុប វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
តាមប្រភពពីសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឱ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទខាងលើ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៨២៦ “ឡ” ដ.ច.ន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោកជា សុច័ន្ទដេត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវេលាម៉ោង៩និង៥០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបជាក់ស្តែងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួមមាន ឈ្មោះតុប វុទ្ធី, តុប ម៉ៅ ឈ្មោះផន រ៉ា និងឈ្មោះវិន វិឆៃ ដកហូតវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ១កញ្ចប់ថង់តូច។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានលោកអ៊ី ឋាវរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៦៦៧៦ “ព” ដ.ព.ស ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចោទប្រកាន់ឈ្មោះតុប វុទ្ធី ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រួចសមត្ថកិច្ចបញ្ជូនឈ្មោះ តុប វុទ្ធី និងជនល្មើស៤នាក់ទៀត ទៅពន្ធនាគារព្រៃស (ម១)។ ស្រាប់តែពេលមកដល់ចំណុចភូមិឬស្សី១ តាមផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជនជាប់ចោទឈ្មោះ តុប វុទ្ធី ក៏បានបន្លំលួចដោះខ្នោះដៃមួយចំហៀង រួចលោតពីលើរថយន្តរត់គេចខ្លួនបាត់តែម្តង។
លុះក្រោយពីរត់គេចខ្លួនអស់រយៈពេលជិត១ឆ្នាំរួចមក ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ និងបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជននេះ ទៅកាន់សាលាដំបូងសារជាថ្មី ដើម្បីចាត់ការបន្តតាមនីតិវិធី៕
