ខេត្តព្រៃវែង ៖ ប្តីប្រពន្ធ២នាក់បានជិះម៉ូតូដឹកគ្នា បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសលត្រូវរថយន្ត១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់នៅនឹងកន្លែងជាប់រនឹងរបាំងដែកអមសងខាងផ្លូវ ចំណែកបុរសជាប្តីត្រូវរថយន្តបុកប៉ើងធ្លាក់ចូលទឹកលិចបាត់ និងត្រូវអ្នកឃើញហេតុការណ៍ជួយស្រង់ភ្លាមៗដែរ តែអកុសលបុរសជាប្តីរូបនេះបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានត្សឹបាហ្សា ហៅស្ពានអ្នកលឿង ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវរថយន្តបុកស្លាប់ រួមមាន បុរសជាប្តីមានឈ្មោះឃឿន អាយុ៣៧ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះធា អាយុ៣៩ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ជាអាជីវករលក់បន្លែនៅក្នុងផ្សារអ្នកលឿង និងមានលំនៅក្នុងឃុំព្រែកទំលាប់ ស្រុកលើកដែក ខេត្តកណ្តាល។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ កណ្តាល 1R-1594 ធ្វើដំណើរមកពីទិសខាងកើត បម្រុងឆ្លងស្ពានត្សឹបាហ្សា ឆ្ពោះទៅផ្ទះនៅឃុំព្រែកទំលាប់ លុះមកដល់ចំណុច កើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ដែលបើកចុះពីលើស្ពានក្នុងទិសដៅផ្ទុយគ្នា បានបើកឆ្លងទ្រូង ថ្នល់ជ្រុលមកបុកម៉ូតូជនរងគ្រោះផ្ទប់ទៅនឹងរបាំងដែកអមសងខាងថ្នល់ បណ្តាលឱ្យកៀបស្ត្រីរងគ្រោះជាប្រពន្ធជាប់ជាមួយម៉ូតូនិងរបាំងដែក ចំណែកបុរសរងគ្រោះជាប្តី និងរថយន្តបង្កបានហោះចេញពីផ្លូវ ធ្លាក់ចូលទៅក្នុងទឹកលិចបាត់ទាំងរថយន្ត និងមនុស្ស។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះមានបុរសម្នាក់ដែលស្គាល់ជនរងគ្រោះ បានលោតចុះទៅក្នុងទឹករាវរកឃើញបុរសរងគ្រោះជាប្តី ស្រង់យកមកលើគោកវិញភ្លាមៗដែរ ប៉ុន្តែជាអកុសល បុរសរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ៕