Wednesday, July 30, 2025
Homeព័ត៌មានជាតិលង់ស្នេហ៍តាមហ្វេសប៊ុក១ថ្ងៃសោះ សុំដេកជាមួយគ្នា រួចសុីដាច់ទូរស័ព្ទអូន

លង់ស្នេហ៍តាមហ្វេសប៊ុក១ថ្ងៃសោះ សុំដេកជាមួយគ្នា រួចសុីដាច់ទូរស័ព្ទអូន

ភ្នំពេញ ៖ ប្រុសព្រានម្នាក់ បានទាក់ទងនារីជាកម្មការិនីរោងចក្រម្នាក់តាមហ្វេសប៊ុកត្រឹមតែ១ថ្ងៃ ក៏សុំស្គាល់មុខ លុះបានមកជួបខាងស្រីដល់បន្ទប់ជួល ក៏ចាប់ផ្តើមអូសក្រឡាលង់ស្នេហ៍ដកចិត្តមិនរួច សុំស្នាក់នៅ១យប់ ចំណែកខាងស្រីក៏ចិត្តធម៌ទៀត អនុញ្ញាតឱ្យខាងប្រុសដេក១យប់ តាមសំណូមពរ និងថែមទាំងចាត់ទុកគេជាប្រុសស្នេហ៍ទៀតផង លុះព្រឹកឡើង ខាងស្រីចេញទៅធ្វើការបាត់ ក៏ត្រូវប្រុសកំហូចប្រើល្បិចខ្ចីទូរស័ព្ទ ទើបទិញថ្មីលេងសិន រួចក៏ស៊ីដាច់បាត់ ធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្ត ប្រើល្បិចឱ្យមិត្តភក្តិស្រីម្នាក់អន្ទងហៅប្រុសព្រានមកជួបមុខគ្នា រួចក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

ករណីប្រុសព្រានប្រើល្បិចទាក់ទងសុំស្នេហ៍ស្រីតាមហ្វេសប៊ុក រួចឆ្លៀតឱកាសស៊ីដាច់ទូរស័ព្ទនេះ បានកើតឡើងតាំងពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលនារីរងគ្រោះស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។ លុះ១សប្តាហ៍ក្រោយមក ខាងស្រីប្រើល្បិចទល់ល្បិច ឱ្យមិត្តភក្តិស្រី ទាក់ទងតាមហ្វេសប៊ុក អន្ទងប្រុសព្រានមកជួប រួចក៏ប្តឹងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រុសព្រានជាជនសង្ស័យមានឈ្មោះបូ រ៉ាវី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកនារីរងគ្រោះដែលលង់ស្នេហ៍ប្រុស រហូតអស់ទូរស័ព្ទ១គ្រឿង មានឈ្មោះ យ.ប.ណ អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។ រីឯទូរស័ព្ទដែលប្រុសព្រាន ស៊ីដាច់ ទៅនោះ ម៉ាក iPhone 5 កញ្ចក់ខ្មៅ ទើបនឹងទិញតម្លៃ៩០ដុល្លារ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នាង បានទាក់ទងគ្នាតាមហ្វេសប៊ុកជាមួយជនសង្ស័យខាងលើ និងត្រូវជនសង្ស័យសុំជួបមុខ និងសុំស្គាល់ផ្ទះ ចំណែកនាងក៏មិនយល់ទាស់អ្វីដែរ ព្រមឱ្យប្រុសស្នេហ៍មកជួបដល់បន្ទប់ជួល ដោយសារសំអាងថា បន្ទប់ជួលរបស់នាង មានមិត្តភក្តិស្រីៗស្នាក់នៅជាមួយគ្នាដល់ទៅ៥នាក់ឯណោះ។ លុះពេលជនសង្ស័យមកដល់បន្ទប់ជួល បានជួបមុខនាងហើយ ក៏ស្រាប់តែបានសារភាពសុំស្នេហ៍នាងត្រង់ៗ ចំណែកនាងវិញ ដូចពាក្យថា ស្នេហាកាំរន្ទះ ឃើញភ្លាមស្រលាញ់ភ្លែត ក៏ព្រមទទួលស្នេហ៍ពីខាងប្រុស ហើយក៏ទទួលរៀបចំបាយទឹកហូបជុំគ្នាជាមួយនឹងមិត្តភក្តិស្រីៗដទៃទៀត។

នារីរងគ្រោះបន្តថា ក្រោយពីហូបបាយរួច ខាងប្រុសស្នេហ៍បែរជាប្រើលេសថា ជួបមុខជំពាក់ស្នេហ៍ដកចិត្តមិនរួច ទន់អស់ជើងដៃ វិលទៅផ្ទះវិញមិនបានទេ ហេតុនេះ ក៏សុំស្នាក់នៅបន្ទប់ជួល១យប់សិន រីឯនាងក៏ចិត្តធម៌ដែរ មិនទៅយល់ទាស់អ្វី ត្រឹមប្រុសស្នេហ៍សុំស្នាក់នៅ១យប់នោះ ព្រោះក្នុងបន្ទប់មិនមែនមានតែនាងម្នាក់ឯងឯណា មានមិត្តភក្តិដល់ទៅ៥នាក់ឯណោះ។ ទីបំផុត ប្រុសស្នេហ៍ក៏ដេកក្នុងបន្ទប់នាងពេញ១យប់ ដោយមិនបានធ្វើអ្វីផ្តេសផ្តាសទេ ពោលគឺគោរពផ្តល់តម្លៃដល់នាងជាស្រីណាស់។

នារីរងគ្រោះ បានឱ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នាងនិងមិត្តភក្តិផ្សេងទៀត បាននាំគ្នារៀបចំចេញទៅធ្វើការ ពេលនោះ ស្រាប់តែប្រុសស្នេហ៍ប្រើល្បិចធ្វើជាសុំសម្រាកបន្តទៀត ហើយប្រាប់នាងថា ពេលចេញពីធ្វើការវិញ ទិញម្ហូបមកញ៉ាំជុំគ្នាផង និងថែមទាំងខ្ចីទូរស័ព្ទរបស់នាងដែលទើបនឹងទិញក្នុងតម្លៃ៩០ដុល្លារ ម៉ាក iPhone 5 មើលលេងសិន ព្រោះគេមិនទាន់ត្រឡប់ទៅផ្ទះវិញទេ។ ចំណែកនាងដោយចាត់ទុកគេជាប្រុសស្នេហ៍ទៅហើយ ទើបយល់ព្រមទុកទូរស័ព្ទឱ្យប្រុសស្នេហ៍លេងសិន រួចក៏ចេញទៅធ្វើការបាត់ទៅ។

នារីរងគ្រោះខាងលើ បានបញ្ជាក់ថា លុះមកដល់ពេលនាងចេញពីធ្វើការវិញ ក៏បានទៅទិញម្ហូបបំណងយកមកហូបជុំគ្នា សាងអនុស្សាវរីយ៍ស្នេហាផ្អែមល្ហែម ដឹងអី! ពេលមកដល់បន្ទប់វិញ ស្រាប់តែជនសង្ស័យដែលត្រូវជាប្រុសស្នេហ៍បានចាក់សោទ្វារបន្ទប់ ហើយយកទូរស័ព្ទរបស់នាងទៅបាត់ សូម្បីតែឆ្នាំងសាកក៏មិនទុកដែរ ទើបធ្វើឱ្យនាងភ្ញាក់ខ្លួនដឹងថា ចាញ់បោកល្បិចប្រុសព្រាន។ ភ្លាមនោះ នាងក៏បានខ្ចីទូរស័ព្ទមិត្តភក្តិទាក់ទងទៅប្រុសព្រាន ដើម្បីសុំទូរស័ព្ទវិញដែរ ត្រូវជនសង្ស័យខាងលើមិនត្រឹមតែមិនព្រមឱ្យទូរស័ព្ទមកនាងវិញទេ ថែមទាំងបិទលេខរបស់នាងចោល មិនឱ្យទាក់ទងមិនចូលទៀតផង។

នារីរងគ្រោះ បានបន្ថែមថា លុះមកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នាងក៏បានឱ្យមិត្តស្រីម្នាក់ ទាក់ទងទៅបុរសខាងលើតាមរយៈហ្វេសប៊ុក ដោយប្រើវិធីទាក់ទងគ្នាដូគ្រាមុន និងថែមទាំងប្រើល្បិចអន្ទងហៅជនសង្ស័យ ដោយប្រាប់ថា ចង់ស្គាល់មុខគ្នា រួចក៏បានណាត់ជួបគ្នានៅរង្វង់មូលចោមចៅ នៅវេលាម៉ោង៨យប់។ លុះដល់ម៉ោងកំណត់ នាងក៏បានទៅលេបមើលជនសង្ស័យ ឃើញថាពិតជាមកតាមការណាត់ជួបនៅរង្វង់មូលចោមចៅមែន ទើបនាងបានទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងឃាត់ជនសង្ស័យខាងលើយកមកប៉ុស្តិ៍ ដើម្បីសួរនាំតែម្តង៕

RELATED ARTICLES