ខេត្តព្រៃវែង ៖ បុរសម្នាក់ បានធ្វើដំណើរទៅចូលរួមបុណ្យប្អូនស្រីបង្កើតរបស់ខ្លួន លុះចប់រួចរាល់ ក៏ជិះម៉ូតូត្រឡប់ទៅវិញ អកុសលក៏ជ្រុលចង្កូតធ្លាក់រង្វះផ្លូវ ដែលត្រូវទឹកហូរច្រោះដាច់ បណ្តាលឱ្យធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវបានគេប្រទះឃើញសាកសពអណ្តែតឡើង កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងលិចំអ្នកតាទុំមួលចំងាយប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។
បុរសរងគ្រោះដែលជិះម៉ូតូធ្លាក់ទឹកបណ្តាលឱ្យលង់ស្លាប់ មានឈ្មោះគង់ អឿន អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិពពឺស ឃុំព្រៃកន្លោង ស្រុកកំពង់លាវ បច្ចុប្បន្នស្នាក់នៅភូមិត្នោត ឃុំរោងដំរី ស្រុកបាភ្នំ។
តាមប្រភពពីសាច់ញាតិជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានជិះម៉ូតូចេញមកពីផ្ទះនៅស្រុកបាភ្នំ ដើម្បីមកចូលរួមពិធីបុណ្យប្អូនស្រីបង្កើតឈ្មោះគង់ រិន អាយុ៣៩ឆ្នាំ នៅភូមិពពឺស ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង។ លុះពិធីបុណ្យចប់រួចរាល់ នៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបាះនជិះម៉ូតូចេញពីរោងបុណ្យ ក្នុងគោបំណងសំដៅទៅភ្នំពេញ ស្រាប់តែអកុសល ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ ដែលជាចំណុចផ្លូវដាច់ ដោយសារទឹកហូរច្រោះ ទើបធ្វើឱ្យជនរងគ្រោះបានជិះម៉ូតូជ្រុលធ្លាក់ទៅក្នុងរង្វះផ្លូវ បណ្តាលឱ្យលិចចូលទឹកបាត់ទាំងមនុស្សទាំងម៉ូតូតែម្តង។
លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ អ្នកភូមិខាងលើ ក៏មានការភ្ញាក់ផ្អើលឡើង បន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ ស្ថិតក្នុងសភាពស្ពាយសាក់កាដូ ពាក់មួកការពារសុវត្ថិភាព អណ្តែតតាមខ្សែទឹកទន្លេ មកទើនៅមាត់ច្រាំង នៅចំណុចម្តុំអ្នកតាទុំមួល ស្ថិតក្នុងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យភ្លាមៗតែម្តង៕