ភ្នំពេញ ៖ នេនមួយអង្គបាននិមន្តចេញពីវត្តទៅបិណ្ឌបាត្រ រួចក៏បាត់ព្រះកាយអស់រយៈពេលដល់ទៅ៤ថ្ងៃ មិនឃើញនិមន្តត្រឡប់ចូលវត្តវិញសោះ ជាហេតុធ្វើឱ្យស្ត្រីជាញោមស្រី (ម្តាយ) មានការភ័យព្រួយ ក៏កាន់រូបថតលោកកូន ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍តាមរកលោកកូនត្រឡប់មកវិញ។
ករណីញោមស្រីកាន់រូបថតតាមរកលោកកូនដែលនិមន្តបិណ្ឌបាត្របាត់ខ្លួន៤ថ្ងៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ញោមស្រីដែលកាន់រូបថតតាមរកលោកកូននេះ មានឈ្មោះលឹម គីនលាង អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកនេនដែលបាត់ព្រះកាយ មានព្រះនាម ម៉ូវ សុទី ព្រះជន្ម១៥វស្សា គង់នៅវត្តព្រៃស្ពឺ ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នេនតូចអង្គនេះ បានបាត់ព្រះកាយ តាំងពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីនិមន្តចេញពីវត្ត បំណងបិណ្ឌបាត្រ។
តាមសម្តីស្ត្រីឈ្មោះលឹម គីនលាង បានរៀបរាប់ប្រាប់ថា នេនតូចនៅក្នុងរូបថតនោះគឺជាលោកកូន (កូនប្រុស) របស់គាត់ ដែលបានដាក់ខ្លួន ដាក់កាយ មានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ចូលសាងភ្នួស អស់រយៈពេលប៉ុន្មានខែមកហើយ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លោកកូនអង្គនេះ បានជួលម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ជិះតែមួយអង្គឯង ចេញពីវត្តព្រៃស្ពឺថា និមន្តទៅបិណ្ឌបាត្រ រួចក៏បាត់ព្រះកាយរហូតតែម្តង ដែលគិតមកដល់ថ្ងៃនេះ មានរយៈពេល៤ថ្ងៃទៅហើយ នៅមិនទាន់ឃើញនិមន្តត្រឡប់ចូលវត្តវិញនៅឡើយ៕