ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការលើកលែងទោស លោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតបក្សប្រឆាំង បានអញ្ជើញទៅជួបលោកបណ្ឌិតឡៅ ម៉ុងហៃ ដែលត្រូវជាគ្រូដើម ទាំងភាពរំភើបរីករាយ ក្តុកក្តួលរហូតដល់ទប់ទឹកភ្នែកមិនជាប់រៀងខ្លួន។
ជំនួបរវាងគ្រូដើម និងសិស្ស (លោកមាជ សុវណ្ណារ៉ា និងលោកឡៅ ម៉ុងហៃ) ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ មាជ សុវណ្ណារ៉ា ព្រហ្មវិហារធម៌ ទសពិធរាជធម៌ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ បានបង្ហោះរូបថតចំនួន៣សន្លឹក បង្ហាញពីជំនួបរវាងលោកមាជ សុវណ្ណារ៉ា និងលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលត្រូវគេដឹងថា គឺជាគ្រូ និងសិស្ស នឹងគ្នា ដែលតាមទិដ្ឋភាពនៅពេលនោះឃើញថា ទាំងលោកមាជ សុវណ្ណារ៉ា ទាំងលោកបណ្ឌិត ឡៅ ម៉ុងហៃ សុទ្ធតែមានអារម្មណ៍ក្តុកក្តួល ទប់ទឹកភ្នែកមិនជាប់ដូចគ្នា។
ជាមួយនេះ គណនីហ្វេសប៊ុកខាងលើ ក៏បានបង្ហោះសារមួយថា “ភាពក្តុកក្តួលរវាងគ្រូ និងសិស្ស ក្រោយបែកគ្នាអស់រយៈពេលជិត៤ឆ្នាំ! លោកមាជ សុវណ្ណារ៉ា បន្ទាប់ពីចេញពីពន្ធនាគារ បានមកជំរាបសួរ សុំពរជ័យពីលោកគ្រូដើម លោកព្រឹទ្ធាចារ្យ បណ្ឌិតឡៅ ម៉ុងហៃ មុនពេលលោកចាកចេញទៅសហរដ្ឋអាមេរិក ដើម្បីពិនិត្យព្យាបាលសុខភាព និងជួបជុំក្រុមគ្រួសារ ប្រពន្ធកូនដែលបានបែកគ្នាជាច្រើនឆ្នាំ…”៕