ខេត្តត្បូងឃ្មុំ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានបាត់ខ្លួនចេញពីផ្ទះ អស់រយៈពេលជិត១ខែមកហើយ មិនដឹងជាទៅដល់ណា ទោះជាក្រុមគ្រួសារ តាមស្វែងរកសព្វកន្លែងយ៉ាងណា នៅតែមិនមានដំណឹងសោះ ជាហេតុធ្វើឱ្យក្រុមគ្រួសារ ពិសេសបងប្រុសមានការព្រួយបារម្ភ ខ្លាចរងការ ចាញ់បោកបញ្ឆោតពីមនុស្សមិនល្អ នាំយកទៅធ្វើបាប ក៏ប្រកាសតាមរកប្អូនស្រី ឱ្យវិលត្រឡប់មកផ្ទះវិញ។
នារីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មានឈ្មោះខៀវ ស្រីនិច អាយុ២៤ឆ្នាំ មានលំនៅក្នុងភូមិតាពេញ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ។ នារីរូបនេះ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេលជិត១ខែមកហើយ។
តាមប្រភពពីបុរសឈ្មោះសុខណេង ត្រូវជាបងប្រុសបង្កើតរបស់នារីខាងលើ បានឱ្យដឹងថា កន្លងមក ប្អូនស្រីរបស់គាត់ម្នាក់នេះ មិនធ្លាប់ទៅណាមកណាដោយគ្មានដំណឹងឡើយ ទោះជាចេញទៅណាបន្តិច ក៏តែងប្រាប់ឪពុកម្តាយ បងប្អូនឱ្យដឹងដែរ ហើយពេលត្រឡប់មកវិញខកពេល តែងទូរស័ព្ទផ្តល់ដំណឹងដល់អ្នកផ្ទះជានិច្ច ស្រាប់តែលើកនេះ មិនដឹងជាយ៉ាងម៉េច ស្រាប់តែនាងបានចាកចេញពីផ្ទះដោយគ្មានដំណឹង ហើយបាត់ខ្លួន រហូតមកដល់ពេលនេះជិត១ខែមកហើយ មិនទាន់ឃើញវិលមកវិញនៅឡើយ មិនដឹងថា សុខទុក្ខយ៉ាងណាទេ។
ក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញមនុស្សស្រី ដែលមានភិនភាគដូច ក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ពួកគាត់ជាក្រុមគ្រួសារផង តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០៧០ ២៣ ១០ ១០ និង០១២ ២៣ ១០ ១០៕