ខេត្តតាកែវ ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងទាំងកណ្តាលរាត្រី ដោយកុដិព្រះសង្ឃគង់នៅមួយខ្នង ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្សល់ទុកតែគំនរផេះផង់ប៉ុណ្ណោះ ដែលមូលហេតុផ្តើមចេញពីការទុស្សេចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តពោធិ៍ មានទីតាំងស្ថិតក្នុងភូមិបាម ឃុំគោកព្រេច ស្រុកគិរីវង់។

កុដិព្រះសង្ឃ ដែលទទួលរងការឆាបឆេះគ្មានសល់នេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ សាងសងឡើងអំពីឈើ ប្រក់ក្បឿង មានទីតាំងក្នុងបរិវេណវត្តពោធិ៍ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលព្រះសង្ឃ ក៏ដូចជាតាអាចារ្យ យាយជី តាជី ព្រមទាំង ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តពោធិ៍ កំពុងសឹង និងដេកលង់លក់យ៉ាងស្កប់ស្កល់ ក៏ស្រាប់តែគេបានឮសូរសំឡេងផ្ទុះ (ទុស្សេខ្សែភ្លើង) រួចក៏ឃើញមានផ្សែង និងអណ្តាតភ្លើង ចេញពីកុដិខាងលើ ធ្វើឱ្យមានការផ្អើលឆោឡោពេញវត្តតែម្តង។
ប្រភពដដែលបន្តថា ភ្លាមនោះ អណ្តាតភ្លើងក៏ចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង បើទោះជាព្រះសង្ឃ និងប្រជាពលរដ្ឋនាំគ្នាជួយជះទឹកពន្លត់យ៉ាងណា ក៏មិនរលត់ដែរ។ បន្ទាប់មក ក៏មានការរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យជួយទាក់ទងហៅរថយន្តសង្គ្រោះមកជួយបាញ់ទឹកពន្លត់ភ្លើងភ្លាមៗដែរ ហើយភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ក៏បានចេញមកជួយអន្តរាគមន៍ភ្លាមៗដែរ តែដោយសារផ្លូវចូលទៅកាន់ទីតាំងកើតហេតុ មានសភាពតូចចង្អៀត ទើបសមត្ថកិច្ចជំនាញបានតទុយោចំនួន២តង់ និងបានប្រើប្រាស់ទឹក អស់ចំនួន៣រថយន្ត ទើបអាចបាញ់ពន្លត់ភ្លើងទាំងស្រុង។

ជុំវិញករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា មូលហេតុគឺផ្តើមចេញពីទុស្សេខ្សែភ្លើង ទើបបង្កជាអគ្គិភ័យឆេះ បំផ្លាញកុដិខាងលើ អស់១ខ្នងទាំងស្រុង ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ចំណែកទ្រព្យសម្បត្តិក្នុងកុដិក៏មិនមានអ្វីច្រើនជាដុំកំភួនដែរ៕