Saturday, November 8, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ក្មេងស្រីជាច្រើនរងគ្រោះ ព្រោះប្រុសអាមេរិករូបនេះ ប្រព្រឹត្តអំពើអនាចារ

ពុទ្ធោ!!! ក្មេងស្រីជាច្រើនរងគ្រោះ ព្រោះប្រុសអាមេរិករូបនេះ ប្រព្រឹត្តអំពើអនាចារ

ខេត្តព្រះសីហនុ ៖ បុរសវ័យចំណាស់ ជនជាតិអាមេរិកកាំងម្នាក់ ដែលបានប្រព្រឹត្តអំពើអនាចារ រំលោភកុមារជាច្រើននាក់នៅសហរដ្ឋអាមេរិក រួចក៏ព្យាយាមរត់គេចមកសម្ងំលាក់ខ្លួននៅប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញអន្តោប្រវេសន៍កម្ពុជា ចាប់ឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារមួយ ស្ថិតនៅកណ្តាលក្រុងព្រះសីហនុ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា ចាប់ឃាត់ខ្លួន មានឈ្មោះ William David BRENNER ថ្ងៃខែឆ្នាំកំណើតថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៥៥ (អាយុ៦៣ឆ្នាំ) មានស្រុកកំណើតនៅទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក និងកាន់លិខិតឆ្លងដែនលេខ 460351432។

នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងបញ្ជាក់ថា ជនជាតិអាមេរិកដែលចាប់ខ្លួនឈ្មោះ William David BRENNER ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការស្នើរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា។ ហើយកម្លាំងរបស់លោកបានបញ្ជូនជនជាតិអាមេរិក នោះ មកភ្នំពេញ។

ចំណែកការិយាល័យសន្តិសុខភូមិភាគ បាននិងកំពុងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជូនខ្លួនជនល្មើសត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីធ្វើការកាត់ទោស។

យោងតាមលិខិតរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ផ្ញើជូនសម្តេច ស ខេង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការិយាល័យសន្តិសុខភូមិភាគ បានទទួលព័ត៌មានថា ពលរដ្ឋអាមេរិកាំងឈ្មោះ William David BRENNER មានដីកាចាប់ខ្លួនដែលមានសុពលភាព ពាក់ព័ន្ធនឹងបទរំលោភបំពានផ្លូវភេទជាបន្តបន្ទាប់ទៅលើកុមារ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលសុពលភាពលិខិតឆ្លងដែនរបស់ជនល្មើស។ ហើយជនល្មើសកំពុងតែរស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយសារជនល្មើស គ្មានឯកសារធ្វើដំណើរដែលមានសុពលភាព វាស្តែងឱ្យឃើញថា ឈ្មោះ William David BRENNER កំពុងតែរំលោភទៅលើច្បាប់អន្តោប្រវេសន៍របស់ប្រទេសកម្ពុជា។

ការិយាល័យសន្តិសុខភូមិភាគ ស្នើសុំឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជួយស្វែងរក និងឃាត់ខ្លួនជនល្មើស ដោយផ្អែកលើច្បាប់របស់ប្រទេសកម្ពុជា។ ប្រសិនបើជនល្មើសបង្ហាញមុខនៅស្ថានទូត ការិយាល័យសន្តិសុខភូមិភាគ នឹងជូនដំណឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អំពីវត្តមានជនល្មើសឈ្មោះ William David BRENNER៕

RELATED ARTICLES