Wednesday, July 30, 2025
Homeព័ត៌មានជាតិរកឃើញហើយសពតៃកុងឡាន បុកប្តីប្រពន្ធស្លាប់នៅគល់ស្ពានអ្នកលឿង

រកឃើញហើយសពតៃកុងឡាន បុកប្តីប្រពន្ធស្លាប់នៅគល់ស្ពានអ្នកលឿង

ខេត្តព្រៃវែង ៖ សាកសពបុរសជាអ្នកបើករថយន្តកូរ៉េម្នាក់ ដែលបានបើករថយន្តជ្រុលបុកម៉ូតូជនរងគ្រោះ២នាក់ប្តីប្រពន្ធ បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ជាប់រនឹងរបាំងដែកអមសងខាងផ្លូវ ចំណែកបុរសជាប្តីត្រូវរថយន្តបុកប៉ើងធ្លាក់ចូលទឹកស្លាប់ កាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានត្សឹបាហ្សា ហៅស្ពានអ្នកលឿង ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្បែរគល់ស្ពានអ្នកលឿង ដោយសាកសពកប់នៅក្រោមគំនរដែកលិចក្នុងទឹក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា សាកសព បុរសជាតៃកុងឡាននេះ ត្រូវបានរកឃើញ នៅពេលដែលគេស្ទូចយកគំនរដែក ដែលលិចក្នុងទឹកកន្លែងកើតហេតុឡើងលើស្រាប់តែសពដែលលិចនៅពីក្រោមបានអណ្តែតឡើងតែម្តង។

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាតៃកុងរថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យប្តីប្រពន្ធ២នាក់ ស្លាប់នៅចំណុចគល់ស្ពានអ្នកលឿងប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចក៏ប្រគល់សពឱ្យទៅក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋានទាំងយប់ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

គួររំលឹកថា កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅចំណុចគល់ស្ពានត្សឹបាហ្សា ហៅស្ពានអ្នកលឿង ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ដោយប្តីប្រពន្ធ២នាក់បានជិះម៉ូតូដឹកគ្នា បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសលត្រូវរថយន្ត១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ជាប់រនឹងរបាំងដែកអមសងខាងផ្លូវ ចំណែកបុរសជាប្តីត្រូវរថយន្តបុកប៉ើងធ្លាក់ចូលទឹកលិចបាត់ និងត្រូវអ្នកឃើញហេតុការណ៍ជួយស្រង់ភ្លាមៗដែរ តែអកុសលបុរសជាប្តីរូបនេះបានស្លាប់បាត់ទៅហើយ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវរថយន្តបុកស្លាប់ រួមមានបុរសជាប្តីមានឈ្មោះឃឿន អាយុ៣៧ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះធា អាយុ៣៩ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ជាអាជីវករលក់បន្លែនៅក្នុងផ្សារអ្នកលឿង និងមានលំនៅក្នុងឃុំព្រែកទំលាប់ ស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពាក់ស្លាកលេខ កណ្តាល 1R-1594 ធ្វើដំណើរមកពីទិសខាងកើត បម្រុងឆ្លងស្ពានត្សឹបាហ្សា ឆ្ពោះទៅផ្ទះនៅឃុំព្រែកទំលាប់ លុះមកដល់ចំណុច កើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ដែលបើកចុះពីលើស្ពានក្នុងទិសដៅផ្ទុយគ្នា បានបើកឆ្លងទ្រូងថ្នល់ជ្រុលមកបុកម៉ូតូជនរងគ្រោះផ្ទប់ទៅនឹងរបាំងដែកអមសងខាងថ្នល់ បណ្តាលឱ្យកៀបស្ត្រីរងគ្រោះជាប្រពន្ធជាប់ជាមួយម៉ូតូនិងរបាំងដែក ចំណែកបុរសរងគ្រោះជាប្តី និងរថយន្តបង្កបានហោះចេញពីផ្លូវ ធ្លាក់ចូលទៅក្នុងទឹកលិចបាត់ទាំងរថយន្ត និងមនុស្ស៕

RELATED ARTICLES