Wednesday, July 30, 2025
Homeសង្គម និងជីវិតអង្គុយចាំស្រីស្នេហ៍ ក្មេងស្ទាវមួយក្រុមវ៉ៃសម្លាប់ទម្លាក់ទន្លេ

អង្គុយចាំស្រីស្នេហ៍ ក្មេងស្ទាវមួយក្រុមវ៉ៃសម្លាប់ទម្លាក់ទន្លេ

ភ្នំពេញ ៖ យុវជនម្នាក់តែងតែទៅអង្គុយនៅបង់មាត់ទន្លេ រង់ចាំទទួលស្រីស្នេហ៍ចេញពីធ្វើការជារៀងរាល់យប់ លុះពេលកំពុងអង្គុយចាំ ស្រីស្នេហ៍សុខៗ ក៏លេចមុខក្មេងស្ទាវមួយក្រុម ដើរសំដៅមករក និងមិនបានសួរនាំអ្វីទាំងអស់ ក៏ធ្វើសកម្មភាពព្រួតគ្នាវាយសម្លាប់យុវជនរងគ្រោះ យ៉ាងសាហាវឃោរឃៅ រួចក៏នាំគ្នាលើកសពបោះចូលទឹកទន្លេ បណ្តាលឱ្យលិចបាត់សូន្យឈឹង។

ករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមាត់ទន្លេ តាមផ្លូវលេខ១៣០ កែងផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

យុវជនរងគ្រោះ ដែលត្រូវក្រុមក្មេងស្ទាវព្រួតវាយសម្លាប់ រួចបោះសពចូលទឹកទន្លេ ទាំងមិនដឹងមូលហេតុនោះ មានឈ្មោះគីម សានរ៉ាវុធ ហៅស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះ គឺជាកូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស៤ ស្រី១)។

តាមសម្តីសាក្សីម្នាក់ដែលត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ និងជាអ្នកដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើ តែងតែមកអង្គុយនៅមាត់ទន្លេ ចាំសង្សារចេញពីធ្វើការនៅហាងបារាំងមាត់ទន្លេ ជារៀងរាល់យប់។ នៅមុនពេលកើតហេតុ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានមកអង្គុយនៅលើបង់មាត់ទន្លេ បំណងចាំសង្សារចេញពីធ្វើការដូចរាល់យប់ដែរ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែលេចក្មេងស្ទាវ១ក្រុម មានគ្នា៧នាក់ ប្រដាប់ដោយដំបងគ្រប់ដៃ បានដើរសំដៅទៅរកជនរងគ្រោះ លុះទៅដល់ក្រុមក្មេងស្ទាវទាំងនោះ មិនបានសួរនាំអ្វីទាំងអស់ ក៏ស្រាប់តែធ្វើសកម្មភាពព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះ បណ្តាលឱ្យដេកស្តូកស្តឹង (អាចនឹងស្លាប់) បន្ទាប់មកក្រុមក្មេងស្ទាវទាំងនោះ ក៏បានលើកសពជនរងគ្រោះបោះទម្លាក់ចូលទៅក្នុងទឹកទន្លេ បណ្តាល ឱ្យលិចបាត់សូន្យឈឹងតែម្តង៕

RELATED ARTICLES