ខេត្តរតនគិរី ៖ បុរសម្នាក់ បានផឹកស្រារហូតដល់ស្រវឹងជោកជាំ លុះជិះម៉ូតូត្រឡប់មកផ្ទះវិញ ដោយសារតែស្រវឹងខ្លាំងពេកទប់ចង្កូត មិនជាប់ ក៏បណ្តាលឱ្យដួលដោយខ្លួនឯង រងរបួសរលាត់ដៃរលាត់ជើង ស្រាប់តែមិនដឹងជាយ៉ាងម៉េច បែរជាឈឺចិត្តស្អិតទ្រូង រត់ទៅចងកសម្លាប់ខ្លួន នៅព្រៃកប់ខ្មោច ធ្វើឱ្យក្រុមគ្រួសារមានការតក់ស្លុតយំសោកបោកខ្លួនគ្រប់គ្នា។
ករណីបុរសស្រវឹងស្រា ក្តៅចិត្តរឿងជិះម៉ូតូដួលដោយខ្លួនឯង បែរជាគិតខ្លីចងកសម្លាប់ខ្លួន បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចព្រៃកប់ខ្មោច ស្ថិតក្នុងភូមិសាម៉ល ឃុំស៊ើង ស្រុកបរកែវ។
បុរសចិត្តខ្លាំងគំនិតខ្លី ដែលគ្រាន់តែជិះម៉ូតូដួលដោយខ្លួនឯង បែរជាក្តៅចិត្តរត់ទៅចងកសម្លាប់ខ្លួននេះ មានឈ្មោះរម៉ាម លើប អាយុ២៨ឆ្នាំ ជាជនជាតិភាគតិចទំពួន មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ តែងផឹកស្រវឹងសឹងរាល់ថ្ងៃ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ រួចក៏ជិះម៉ូតូសំដៅមកផ្ទះវិញ តែដោយសារស្រវឹងជ្រុល ទើបពេលបើក ម៉ូតូតាមផ្លូវ ធ្វើឱ្យរេចង្កូតដួលដោយខ្លួនឯង ស្រាប់តែធ្វើឱ្យជនរងគ្រោះឈឺចិត្តស្អិតទ្រូង ក៏មានគំនិតខ្លី រត់ទៅចងកសម្លាប់ខ្លួននៅក្នុងព្រៃកប់ខ្មោច បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ ដោយសារបាត់ជនរងគ្រោះ មិនឃើញត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារបាននាំគ្នាតាមរកក៏ប្រទះឃើញម៉ូតូជនរងគ្រោះដួលនៅកណ្តាលផ្លូវ តែបាត់មនុស្សមិនដឹងទៅណា លុះនាំគ្នាលុកចូលរកក្នុងព្រៃ ស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង៕