ខេត្តរតនគិរី ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ស្រាប់តែភាគីបុរសជាប្តី បានបណ្តើរសត្វឆ្កែរបស់ខ្លួនចំនួន២ ក្បាលដើរចូលព្រៃបាត់ លុះ១យប់១ថ្ងៃក្រោយមក ឃើញតែសត្វឆ្កែ២ក្បាលត្រឡប់មកផ្ទះវិញ ចំណែកប្តីបាត់សូន្យឈឹង រហូតមកដល់ពេលនេះ មានរយៈពេល១០ថ្ងៃមកហើយ នៅតែគ្មានដំណឹងប្តីសោះ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធដេកយំទន្ទឹងចាំផ្លូវប្តីដល់ហើមភ្នែក។
បុរសជាប្តីដែលបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹងអស់រយៈពេល១០ថ្ងៃនេះ មានឈ្មោះនី មុល អាយុ២៧ឆ្នាំ មុខរបរកសិករ និងមានរបរបន្ទាប់បន្សំ២ទៀត គឺទី១-ដើររកដើមផ្កាអ័រគីដេ ទី២-បណ្តើរឆ្កែរកសត្វក្នុងព្រៃ និងមានប្រពន្ធ ព្រមទាំងមានកូនប្រុសម្នាក់អាយុ៦ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ។
តាមសម្តីរបស់ស្ត្រីជាប្រពន្ធ បានរៀបរាប់ទាំងអារម្មណ៍បារម្ភពីប្តីថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នាងនិងប្តីបានកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ពីរឿងកូនដើរលេងផ្ទះគេ ក៏ស្រាប់តែប្តីបានចោទនាងជាប្រពន្ធថាមិនចេះ មើលកូន លុះនាងប្រកែក ក៏ធ្វើឱ្យកើតជាជំលោះពាក្យសម្តីនឹងគ្នាមួយប៉្រាវទៅ។
ស្ត្រីជាប្រពន្ធបន្តថា លុះទាស់សម្តីគ្នារួចហើយ ប្តីរបស់នាង ក៏បានបណ្តើរសត្វឆ្កែចំនួន២ក្បាល ដើរចេញពីផ្ទះសំដៅចូលព្រៃបាត់ទៅ ចំណែកនាងនឹកស្មានថាប្តី បណ្តើរឆ្កែចេញទៅរកសត្វព្រៃដូចសព្វដង ទើបមិនចាប់អារម្មណ៍។ លុះបាត់ប្តី១យប់១ថ្ងៃ ក៏ឃើញសត្វឆ្កែទាំង២នាក់ បានត្រឡប់មកផ្ទះវិញ ក៏ប៉ុន្តែប្តីរបស់នាងអត់ឃើញទេ មិនដឹងជាទៅណា ទើបធ្វើឱ្យនាងភ័យឆោឡោ ហៅបងប្អូន និងសាច់ញាតិឱ្យជួយតាមរក តែរកមិនឃើញ ទើបទៅប្តឹងសមត្ថកិច្ចប៉ូលិសឃុំ និងស្រុកឱ្យជួយដើររុករកនៅតំបន់ព្រៃ ដែលប្តីនាងធ្លាប់បណ្តើរឆ្កែរកសត្វព្រៃ ដែលមានចម្ងាយ ឃ្លាតពីផ្ទះប្រមាណជាង១គីឡូម៉ែត្រ ប៉ុន្តែការរុករកប្តីនាង ដែលមានទាំងបងប្អូនអ្នកភូមិ រួមនឹងសមត្ថកិច្ចជាច្រើននាក់ បានចេញដើររកពេញព្រៃ តាំងពីថ្ងៃទី២៣ ខែសីហា រហូតដល់ថ្ងៃទី២៩ ខែសីហា ដោយរកគ្រប់ច្រកល្ហកទាំងអស់ នៅតែមិនឃើញ រហូតដល់ទាំងសាច់ញាតិ និងសមត្ថកិច្ច សុទ្ធតែនិយាយថា អស់លទ្ធភាពតាមរកហើយ៕