Wednesday, July 30, 2025
Homeព័ត៌មានជាតិដេកមមើវ៉ៃ១ដៃ ពេលប្រពន្ធសួរ ប្តីខឹងទាញកាំបិតគំរាមអារក

ដេកមមើវ៉ៃ១ដៃ ពេលប្រពន្ធសួរ ប្តីខឹងទាញកាំបិតគំរាមអារក

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ រួមរស់នឹងគ្នាមិនសូវចុះសម្រុងសោះ ចេះតែកើតមានជំលោះមិនស្វាង លុះកំពុងដេកក្បែរគ្នាសុខៗ បុរសជាប្តីមមើក៏វាយប្រពន្ធ១ដៃ ទើបស្ត្រីជាប្រពន្ធឆ្ងល់ ក៏សួរនាំប្តី ស្រាប់តែប្តីកំណាចផ្ទុះកំហឹង ស្ទុះទៅទាញកាំបិត២មកគំរាមអារកសម្លាប់ប្រពន្ធកូនចោល ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យលស់ព្រលឹង និងទ្រាំលែងបាន ក៏ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីប្តីគំរាមអារកសម្លាប់ប្រពន្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅ ចំណុចបន្ទប់ជួលលេខ៤២ ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីគំរាមអារកសម្លាប់ មានឈ្មោះប៊ូ ហុង អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។  ចំណែកបុរសជាប្តីហេងស៊យ មានឈ្មោះឆៃ ចន្តា អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុជាមួយគ្នា និងមាន ស្រុកកំណើតនៅភូមិចំការលើ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ស្ត្រីរងគ្រោះជាប្រពន្ធ បានឱ្យដឹងថា នាងនិងប្តីហេងស៊យខាងលើនេះ បានរួមរស់នឹងគ្នាអស់រយៈពេល៤ឆ្នាំមកហើយ និងបង្កើតបានកូនស្រីម្នាក់ អាយុមិនទាន់បាន១ខួបផង។ ជីវិតប្តីប្រពន្ធនាង តាំងពីចាប់ដៃគ្នាមក ឃើញថា ជួបតែរឿងរកាំរកូស ច្រើនជាងសុភមង្គល ដោយសារតែប្តីគឺជាមនុស្សគ្មានការងារធ្វើ ចូលចិត្តដើរលេងប៉ោឡែ ចរិតជាក្មេងស្ទាវមិនព្រមកែ ណាមួយមានចិត្តកោងកាច ចេះតែរករឿងប្រចណ្ឌ ប្រើអំពើហិង្សាដាក់ប្រពន្ធកូនជាញឹកញាប់។

ស្ត្រីរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ខណៈដែលនាងនិងប្តីកំពុងដេកក្បែរគ្នា រួមនឹងកូនស្រីតូចផងនោះ ស្រាប់តែនៅសុខៗ ប្តីនាងបានកើតអាការៈមមើ វាយចំខ្នងរបស់នាង១ដៃ ទើបនាងនឹកឆ្ងល់ និងស្មានថាប្តីមានរឿងអ្វីដាស់នាង ក៏សួរទៅប្តីវិញថា ហេតុអ្វីបានជាមកវាយខ្នងរបស់នាង ស្រាប់តែបុរសជាប្តីកំណាច បានស្ទុះក្រោយទាំងមមិងមមាំងទៅទាញ កាំបិតចំនួន២ដើម មកគំរាមអាករនាងនិងកូនស្រី រួចបោះពាក្យសម្តីថា “អញឱ្យងាប់ពេលណា ងាប់ពេលហ្នឹង…”។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ដោយមានការភិតភ័យជាខ្លាំង ណាមួយនៅក្នុងបន្ទប់មានទាំងកូនតូចផង ទើបនាងមិនហ៊ានតបតអ្វីជាមួយប្តីវិញឡើយ ព្រោះខ្លាចប្តីហេងស៊យទប់កំហឹងមិនបាន អារកសម្លាប់នាងនិងកូនស្រីចោល ទើបចេះតែសម្ងំស្ងៀម។ លុះក្រោយមក នាងក៏បាន រៀបរាប់ប្រាប់អ្នកជិតខាង ឱ្យជួយរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង៕

RELATED ARTICLES