ខេត្តកណ្តាល ៖ បុរសម្នាក់ បានត្អូញប្រាប់ម្តាយថា ចេះតែឈឺចុកចាប់ត្រង់ប្រដាប់ភេទ លុះម្តាយភ័យក៏ចេញទៅទិញថ្នាំយកមកឱ្យកូនប្រុសលេប បន្ទាប់ពីលេបថ្នាំរួច កូនប្រុសក៏ប្រាប់ថា បានធូរបន្តិចហើយ រួចក៏ចូលទៅសម្ងំដេកក្នុងបន្ទប់បាត់ទៅ ស្រាប់តែព្រឹកឡើង ម្តាយចូលទៅ ដាស់ ក៏ប្រទះឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ។
ករណីបុរសឈឺប្រដាប់ភេទខ្លាំងពេក ទ្រាំមិនបានចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ផ្ទះជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក។
បុរសរងគ្រោះដែលចងកសម្លាប់ខ្លួន មានឈ្មោះវ៉ា ណារិន អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីរបស់ស្ត្រីជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅសុខៗ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានមកត្អូញត្អែរប្រាប់គាត់ជាម្តាយថា រូបគេមានអាការៈឈឺចុកចាប់ត្រង់ប្រដាប់ភេទខ្លាំងណាស់។ លឺបែបនេះ គាត់ក៏មិនបានសួរហេតុផលអ្វីទៅកូនប្រុសច្រើនដែរ ក៏ប្រញាប់ទៅរកទិញថ្នាំយកមកឱ្យកូនប្រុសលេប លុះពេលទិញថ្នាំបានហើយ ត្រឡប់មកផ្ទះវិញ ឱ្យកូនប្រុសយកទៅលេប ស្រាប់តែមួយសន្ទុះក្រោយមក កូនប្រុសរបស់គាត់ ក៏បាននិយាយប្រាប់គាត់វិញថា រាងធូរស្រាលបន្តិចហើយ។
ស្ត្រីជាម្តាយជនរងគ្រោះ បានបន្តថា បន្ទាប់មក នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កូនប្រុសនេះ ក៏បានចូលទៅសម្ងំសម្រាកនៅក្នុងបន្ទប់របស់គេបាត់ទៅ ចំណែកគាត់ក៏មិនបានចាប់អារម្មណ៍សួរនាំកូនប្រុសអ្វីទៀតដែរ នឹកស្មានថាកូនប្រុសបានធូរស្រាលមែនទែនហើយ ទើបបាន ចូលសម្រាន្តលង់លក់ទៅ។ លុះមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ពេលភ្ញាក់ពីដំណេក គាត់ក៏បានគោះទ្វារបន្ទប់កូនប្រុស ចង់ដឹងថា អាការៈជំងឺរបស់គេយ៉ាងម៉េចហើយ ស្រាប់តែមិនឃើញកូនប្រុសចេញមកបើកទ្វារសោះ ទើបគាត់បានស្រែកហៅអ្នកជិតខាងឱ្យជួយទម្លាយទ្វារចូលទៅមើល ក៏ប្រទះឃើញកូនប្រុសរបស់គាត់ បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកពិនិត្យតែម្តង៕