ខេត្តឧត្តរមានជ័យ ៖ ស្ត្រីមានផ្ទៃពោះម្នាក់ និងក្រុមគ្រួសារ បានលើកគ្នាមកស្កាត់ជួបលោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ ដល់មុខគេហដ្ឋានទាំងព្រឹកព្រលឹម ទាំងដែលលោកអភិបាលខេត្តកំពុងដើរហាត់ប្រាណ បំណងសុំឱ្យមានការជួយអន្តរាគមន៍ ដោះលែងគោយន្តទាំង២ គ្រឿងរបស់ខ្លួន ដែលដឹកឈើធ្វើផ្ទះ និងត្រូវបានកម្លាំងជំនាញចាប់ឃាត់ទុក។
ករណីស្ត្រីមានផ្ទៃពោះ ស្កាត់មកជួបសុំអន្តរាគមន៍ពីលោកអភិបាលខេត្តទាំងព្រឹកព្រលឹមនេះ បានកើតឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខគេហដ្ឋានរបស់លោកស ថាវី អភិបាលខេត្តឧត្តរមានជ័យ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ខណៈដែលលោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ងើបហាត់ប្រាណនាវេលា ទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលក្នុងនោះ មានស្ត្រីមានផ្ទៃពោះម្នាក់ ព្រមទាំងកូនតូចៗចំនួន៣នាក់ បានស្កាត់មកជួប និងស្នើសុំលោកអភិបាលខេត្តឱ្យជួយធ្វើការអន្តរាគមន៍ ខណៈដែលគោយន្តកន្ត្រៃរបស់ពួកគាត់ចំនួន២គ្រឿង ដឹកឈើបន្តិចបន្ទួច សម្រាប់សាងសង់លំនៅដ្ឋានត្រូវបានមន្ត្រីជំនាញ បរិស្ថានខេត្តចាប់ឃាត់ទុក៕