Saturday, November 8, 2025
Homeព័ត៌មានជាតិកូនប្រុសអាយុ៣ឆ្នាំ លេបថ្នាំលើសកំរិត ស្លាប់តាម្លូវយ៉ាងអាណោចអាធ័ម

កូនប្រុសអាយុ៣ឆ្នាំ លេបថ្នាំលើសកំរិត ស្លាប់តាម្លូវយ៉ាងអាណោចអាធ័ម

សៀមរាប ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កុមារាអាយុ០៣ឆ្នាំម្នាក់ បានផឹកថ្នាំលើសចំណុះ បណ្តាលឲ្យប្រកាច់ស្លាប់ ខណៈឪពុកម្តាយកំពុងដេកលក់ ហេតុការណ៍នេះស្ថិតនៅភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ។

កុមារារងគ្រោះមានឈ្មោះ កឿត ឆេង ភេទប្រុស អាយុ០៣ឆ្នាំ រស់នៅក្នុងបន្ទុក មានឪពុកឈ្មោះ កាយ កឿត អាយុ៣៨ឆ្នាំ និងម្តាយឈ្មោះប៉ាន់ ហៀវ អាយុ៤២ឆ្នាំ អ្នកទាំង៣រស់នៅភូមិឃុំកើតហេតុខាងលើ។

បើតាមឪពុកកុមារារងគ្រោះ បានឲ្យដឹងថា គាត់និងប្រពន្ធ ជាមួយកូនៗ បាននាំគ្នាមកធ្វើចម្ការនៅចំណុចបុស្សចិនក្នុងភូមិខ្ទីង ឃុំពាក់ស្នែង ក្រោយពីហូបបាយល្ងាចរួច ពួកគាត់បាននាំកូនប្រពន្ធចូលដេក លុះដល់ម៉ោង១២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា កូនប្រុសឈ្មោះកឿត ឆេង បានរើបំរាស់ និងស្រែកយំយ៉ាងខ្លាំង ពេលនោះគាត់បានយកប្រេងកូឡាមកកោសខ្យល់ឲ្យកូន ក៏ឃើញដបថ្នាំដែលខ្លួនបានសុំពេទ្យទុកឲ្យកូនស្រីឈ្មោះ កឿត ស៊ីណាត ផឹក ក៏ដឹងថា កូនប្រុសរបស់គាត់បានផឹកថ្នាំអស់បាត់ទៅហើយ។ ភ្លាមៗ គាត់ក៏បានដឹកកូនប្រុសទៅមណ្ឌលសុខភាពពាក់ស្នែង ដោយអាការៈធ្ងន់ធ្ងរពេក គ្រូពេទ្យបានគាត់ឲ្យនាំកូនប្រុសទៅមន្ទីរពេទ្យកុមារ ស្រាប់តែចំណុចផ្លូវកែងភូមិតាត្រាវ ឃុំស្វាយចេក កូនប្រុសគាត់បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញស្រុក កម្លាំងប៉ុស្ដិ៍ សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំស្វាយចេកបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យ ក្រោយចប់រួចរាល់ បានបញ្ជាក់ថា កូនប្រុសគាត់ ពុំមានស្លាកស្នាមពាក់ព័ន្ធនឹងករណីអំពើល្មើសផ្សេងនោះទេ គឺកូនប្រុសគាត់ពិតជាស្លាប់ដោយសារផឹកថ្នាំលើសកំរឹតពិតប្រាកដមែន។

ចំណែកតាមការពិនិត្យរបស់គ្រូពេទ្យមណ្ឌលសុខភាពស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ដោយសារផឹកថ្នាំប្រភេទ PROMETHAZINE ORAL SOLTION BP 5mg/5ml ចំណុះ60ml លើសកំរឹតបណ្ដាលឲ្យស្លាប់បែបនេះ៕

RELATED ARTICLES