បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉េអឹមឃាត់ខ្លួន ក្រោពីបានធ្វើសកម្មភាពគាស់ គាស់ជញ្ជាំងផ្ទះបម្រុងចូលលួច កើតហេតុកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យមានឈ្មោះ មូល សុធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា “នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកបានទទួលពាក្យបណ្តឹងពីឈ្មោះពៅ ធូ ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល និងដោយអនុវត្តន៍តាមការណែនាំរបស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ មូល សុធា” ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា “តាមការបំភ្លឺរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅយប់កើតហេតុ វេលាម៉ោងប្រមាណ០៤និង០០នាទីទៀបភ្លឺ ជនរងគ្រោះបានភ្ញាក់ពីដំណេក ស្រាប់តែឃើញមានមនុស្សចំនួន០៣នាក់ ជិះម៉ូតូកង់បី ឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ ហើយបានគាស់ជញ្ជាំងផ្ទះបម្រុងចូលលួច ឃើញដូចនេះ ជនរងគ្រោះបានស្រែកឆោរឡោ បណ្តាលឲ្យជនសង្ស័យផ្អើល រត់គេចចេញនៅសល់០១នាក់ ត្រូវបានជនរងគ្រោះ និងប៉េអឹមដែលនៅក្បែរនោះ ជួយចាប់បានភ្លាមៗតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា “នៅយប់កើតហេតុនោះ ខ្លួននិងបក្សពួក០២នាក់ទៀត បាននាំគ្នាជិះម៉ូតូកង់បី ០១គ្រឿង ដើម្បីធ្វើសកម្មភាពចូលតាមផ្ទះអ្នកភូមិ ។ ពេលទៅផ្ទះជនរងគ្រោះ ក៏ឈប់ម៉ូតូចូលទៅគាស់ជញ្ជាំងផ្ទះបម្រុងចូលលួច ក៏ត្រូវម្ចាស់ផ្ទះឃើញទាន់ស្រែកឆោឡោ ភ្លាមៗនោះ ខ្លួននិងបក្សពួកភ័យពេក ក៏រត់ចេញមកវិញ តែខ្លួនត្រូវបានម្ចាស់ផ្ទះចាប់ជាប់។

ជនសង្ស័យបានបន្ថែមទៀតថា “ខ្លួនបានប្រព្រឹត្តអំពើលួច និងគាស់ផ្ទះយកអីវ៉ាន់ជាច្រើនលើកមកហើយ” ។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកជនសង្ស័យ០២នាក់ទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕