ខេត្តកណ្តាល ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន ទោះជាដល់ចំណុចផ្លូវបំបែកក៏មិនព្រមបន្ថយល្បឿន លុះឃើញម៉ូតូ១គ្រឿងទៀតបើកកាត់ពីមុខ ក៏ចាប់ហ្វ្រាំងទាំងបង្ខំ បណ្តាលឱ្យដួលម៉ូតូ ខ្ទាតមនុស្សចូលក្រោមកង់រថយន្តបែនធុនធំ១គ្រឿង ដែលបើកមកពីក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវលំបំបែកជាបួន (ផ្លូវរទេះភ្លើងចាស់) ស្ថិតក្នុងភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល។
បុរសរងគ្រោះដែលត្រូវរថយន្តកិនស្លាប់ មានឈ្មោះវ៉ិត ផល អាយុ៥១ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងក្រឡាញ់ ឃុំសំរោងលើ ស្រុកអង្គស្នួល ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-0545។ ចំណែករថយន្តដែលកិនជនរងគ្រោះស្លាប់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធុនធំ ប្រភេទរថយន្តបែន ពាក់ស្លាកលេខភ្នំពេញ 3C-0056 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ត្រង់ចំណុចកើតហេតុ ដែលជាផ្លូវបំបែក មិនបង្អង់ល្បឿនទេ លុះឃើញម៉ូតូ១គ្រឿងទៀត បើកកាត់ពីមុខ ទើបជនរងគ្រោះ បានជាន់ហ្វ្រាំងទាំងបង្ខំ ធ្វើឱ្យម៉ូតូរេចង្កួតដួលខ្ទាតជនរងគ្រោះទៅកណ្តាលផ្លូវ ស្របពេលនេះ ក៏មានរថយន្តបែនដឹកដីខាងលើ បើកដោយល្បឿនលឿន បួងចង្កូតគេចមិនទាន់ ក៏ជ្រុលមកកិនជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ ចំណែកឯអ្នកបើកបររថយន្តឃើញសភាពបែបនេះ ក៏ទុករថយន្តចោល រួចចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង៕