ខេត្តបាត់ដំបង៖ បុរស២នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងស្ត្រីម្នាក់ រួចក៏ព្រួតគ្នាវ៉ៃ រួចចាប់ស្ត្រីរងគ្រោះអារដៃ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុម ទី១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
ជនសង្ស័យទាំង២នាក់ ដែលព្រួតវ៉ៃ រួចចាប់អារដៃស្រី រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវង្ស សុគន្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះវង្ស សម្បត្តិ ហៅជ្រូក ភេទប្រុស អាយុ២៧ឆ្នាំ។ ជនសង្ស័យទាំង២នាក់ មានលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះសុទ្ធ សុខុម អាយុ៣៧ឆ្នាំ មុខរបរលាងចាន មានលំនៅក្នុងភូមិសង្កាត់ជាមួយគ្នា (រងរបួសត្រង់ម្រាមដៃខាងឆ្វេង)។
លោកវរសេនីយ៍ត្រី សំ វីឡុង មេបញ្ជាការអាវុធហត្ថមូលដ្ឋានក្រុងបាត់ដំបង បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យទាំង២នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងស្ត្រីរងគ្រោះ បន្ទាប់មកជនសង្ស័យទាំង២ក៏បានព្រួតគ្នា ធ្វើសកម្មភាពយកកូនកាំបិតអារដៃ និងវាយទៅលើស្ត្រីរងគ្រោះឈ្មោះសុទ្ធ សុខុម បណ្តាលឱ្យរងរបួសត្រង់ម្រាមដៃខាងឆ្វេង និងត្រូវបានប្រជាពលរដ្ឋក្បែរខាងជួយអន្តរាគមន៍បំបែកចេញ និងរាយការណ៍ប្រាប់សមត្ថកិច្ច៕