ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា គឺជាមនុស្សមានសតិស្មារតីមិនប្រក្រតីនោះទេ និងថែមទាំងជាជនពិការដៃម្ខាង ត្រឹមកំភួនដៃទៀតផង លុះក្រោយពីដើរបាត់ពីផ្ទះអស់១យប់ ធ្វើឱ្យស្ត្រីជាម្តាយខ្វល់ខ្វាយ ដើរតាមស្វែងរកកូនប្រុសសព្វកន្លែង ទីបំផុតក៏ប្រទះ ឃើញកូនប្រុសចងកសម្លាប់ខ្លួននៅលើដើមឈើ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅចំណុំចដើមអាកាស្យាក្បែរមាត់បឹងច្រាំង ស្ថិតក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។
បុរសគំនិតខ្លីដែលចងកបញ្ចប់ជីវិត មានឈ្មោះច្រឹង នី អាយុ៣២ឆ្នាំ ជាជនពិការ និងមានសតិមិនល្អ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីចំណាស់ឈ្មោះហាន មុំ អាយុ៦១ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ (ជនរងគ្រោះ) គឺជាមនុស្សមានសតិមិនគ្រប់នោះទេ និងឧស្សាហ៍ដើរបាត់ពីផ្ទះណាស់ តែកន្លងមក ត្រូវគាត់តាមរកឃើញ នាំមកផ្ទះវិញរហូត ទើបតែមកដល់ល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កូនប្រុសរូបនេះ បានដើរចេញបាត់ពីផ្ទះម្តងទៀត និងត្រូវបានគាត់តាមរកភ្លាមៗដែរ តែទោះប្រឹងដើររកពេញ១យប់ ក៏មិនប្រទះឃើញសោះ ទើបគាត់បានត្រឡប់មកសម្រាកវិញទៅ។
ស្ត្រីជាម្តាយបន្តថា លុះមកដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ គាត់និងក្រុមគ្រួសារ បាននាំគ្នាចេញដើរតាមរកកូនប្រុសបន្តទៀត តែរកមិនឃើញដដែល ស្រាប់តែមកដល់វេលាម៉ោង១ និង៣០នាទីរសៀល ក៏មានអ្នកភូមិប្រទះឃើញកូនប្រុសរបស់គាត់ចងកនៅលើដើមអាកាស្យា ក្បែរមាត់បឹង ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង ខ្លាចក្រែងជាអំពើឃាតកម្ម ព្រោះកូនប្រុសរបស់គាត់ពិការដៃម្ខាង តែអាចឡើងទៅចងកដល់លើចុងឈើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះ មានសតិមិនល្អ មិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន៕