ខេត្តបាត់ដំបង ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងរឿងគ្រួសារជំពាក់បំណុលគេជុំទិស រកប្រាក់សងមិនរួច ស្រាប់តែប្រពន្ធបែរជាបែកគំនិត រត់ចោលផ្ទះ រត់ចោលប្តី ទុកបំណុលឱ្យប្តីរ៉ាប់រងតែម្នាក់ឯង ទើបឈឺចិត្តស្អិតទ្រូងខ្លាំងពេក ក៏ដាច់ចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអូរចំលងស្នេហ៍ ស្ថិតក្នុងភូមិដីល្អ ឃុំអូរំដួល ស្រុកភ្នំព្រឹក។
បុរសគិតខ្លីចងកធ្វើអត្តឃាតរូបនេះ មានឈ្មោះរស់ គង់ អាយុ៥៣ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាច់ញាតិរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា គ្រួសារជនរងគ្រោះ កំពុងជួបវិបត្តិខ្លាំងណាស់ ដោយសារកន្លង មកបានខ្ចីលុយគេយមកធ្វើដើមទុនរកស៊ីធ្វើចម្ការ ប៉ុន្តែចេះតែឡុងចុង រកប្រាក់សងបំណុលគេមិនបាន ធ្វើឱ្យជំពាក់គេជុំទិស និងត្រូវម្ចាស់បំណុល តាមទារសឹងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ ថ្មីៗនេះ ស្ត្រីជាប្រពន្ធស្រាប់តែបែកគំនិតរត់ចោលប្តីបាត់ទៀត។
ប្រភពដដែលបន្តថា ក្រោយពីស្ត្រីជាប្រពន្ធចុះចោលបាត់ទៅ មួយរយៈចុងក្រោយនេះ គេឃើញជនរងគ្រោះហាក់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរខ្លាំងណាស់ និងចេះតែឧស្សាហ៍ព្រលយពាក្យទុក្ខសោកក្នុងជីវិត ដែលត្រូវប្រពន្ធរត់ចោល ទុកឱ្យខ្លួនប្រឈមនឹងបំណុលធនាគារតែម្នាក់ឯង ទើបធ្វើឱ្យខ្លួនអស់សង្ឃឹម ដែលចង់រស់នៅតទៅទៀតហើយ។
តាមការអះអាងរបស់សាច់ញាតិជនរងគ្រោះ ត្រឹមរឿងបំណុល ទំនងជាមិនសូវធ្វើឱ្យជនរងគ្រោះឈឺចិត្តប៉ុន្មានទេ តែរឿងប្រពន្ធរត់ចោលនេះហើយ ទើបជាដើមចម ធ្វើឱ្យជនរងគ្រោះឈឺចាប់ខ្លាំង រហូតដល់សម្រេចបញ្ចប់ជីវិតបែបនេះតែម្តង។
សាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេបានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅលើដើមឈើខាង ក្រោយផ្ទះទាំងព្រឹក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង៕