ភ្នំពេញ ៖ បុរសម្នាក់ ឃើញកូនស្រីរបស់ខ្លួនមុខស្ងួតៗ មិនសូវនិយាយស្តីដូចមុន ក៏ហៅកូនស្រីមកសួរនាំ ស្រាប់តែកូនស្រី បានទម្លាយរឿងប្រាប់គ្មានសល់ថា នាងត្រូវមិត្តភក្តិឪពុក (ក្លើ) ចាប់រំលោភរហូតដល់បានសម្រេច ទើបធ្វើឱ្យបុរសជាឪពុកខឹងសម្បា ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកក្លើទុរយស យកមកចាត់ការតាមច្បាប់ និងប្តឹងទារសំណងចំនួន៣ពាន់ដុល្លារថែមទៀតផង។
ជនសង្ស័យដែលចាប់រំលោភកូនស្រីក្លើខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកន្លែងលាងរថយន្តយីហោ ឆាយ ហ៊ាង តាមផ្លូវ១៩៩ ស្ថិតនៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចុច ទ្រី អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកផ្នែកលាងរថយន្ត ស្នាក់នៅកន្លែងលាងរថយន្ត យីហោ ឆាយ ហ៊ាង ស្ថិតក្នុងទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះអ.ស.ឡ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកផ្នែកជូតសំអាតរថយន្ត ធ្វើការ និងស្នាក់នៅទីតាំងកើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ៍ ខេត្តព្រៃវែង។
តាមសម្តីបុរសជាឪពុកក្មេងស្រីរងគ្រោះ ដែលជាបុគ្គលិកកន្លែងលាងរថយន្ត ឆាយ ហ៊ាង ដែរនោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ គាត់បានប្រទះឃើញទឹកមុខកូនស្រី (ក្មេងស្រីរង គ្រោះ) ហាក់ស្រងូតស្រងាត់ ក្រៀមក្រំ និងចេះតែអង្គុយសំកុកម្នាក់ឯង មិនសូវចេះលេងសើចដូចមុនសោះ។ លុះមានការងឿងឆ្ងល់ គាត់ក៏សួរដេញដោល ទើបកូនស្រីព្រមនិយាយប្រាប់ថា នាងត្រូវជនសង្ស័យឈ្មោះទ្រី ជាមិត្តភក្តិរបស់គាត់ជាឪពុកចាប់រំលោភនាងនៅកន្លែងលាងរថយន្ត នៅជាន់ឡៅតឿបានសំរេចមួយលើក និងគំរាមមិនឱ្យស្រែក និងប្រាប់អ្នកដទៃទៀត បើមិនដូច្នេះនឹងមានរឿងធំមិនខាន។
បន្ទាប់ពីដឹងរឿងរ៉ាវបែបនេះ ទើបមកដល់ព្រឹកឡើងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បុរសជាឪពុកក្មេងស្រីរងគ្រោះ បានសម្រេចនាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកចាត់ការតាមច្បាប់ និងប្តឹងទាមទារសំណងជំងឺចិត្តចំនួន ៣ពាន់ដុល្លារទៀតផង។
លោកផន អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកខណ្ឌចំការមន បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះចុច ទ្រី បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះជាបុគ្គលិកផ្នែកជូតសំអាតរថយន្តបានសម្រេចមួយលើកពិតមែន។
ជនសង្ស័យបន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ខ្លួនបានឃើញក្មេងស្រីរងគ្រោះ ឡើងទៅបន្ទប់ឡៅតឿ ជាកន្លែងស្នាក់នៅរបស់បុគ្គលិក លុះដោយសារមានចិត្តស្រលាញ់ក្មេងស្រីរងគ្រោះពេក ណាមួយឃើញឱកាសស្ងាត់ល្អ ទើបខ្លួនបានចូលទៅយកដៃខ្ទប់មាត់ និងស្រាតខោក្មេងស្រីរងគ្រោះចេញ បន្ទាប់មកក៏យកប្រដាប់ភេទខ្លួន ដាក់ចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ និងធ្វើសកម្មភាពរហូតដល់បានសម្រេច ហើយក៏ចេញមកវិញធ្វើការធម្មតា តែមុននឹងចេញមក ខ្លួនបានគំរាមក្មេងស្រីកុំឱ្យប្រាប់អ្នកដទៃ សូម្បីតែម្តាយឪពុកផងដែរ៕