កំពង់ស្ពឺ៖ រថយន្តធុនធំ សណ្តោងរ៉ឺម៉ក បានបុករថយន្តតូរីស ពីក្រោយធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ ត្រង់ចំណុចស្ពានរ៉ោងរ៉ាង ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

អ្នកបើកបររថយន្ត ISUZU មិនស្គាល់អត្តសញ្ញាណនោះទេ ចំណែកជនរងគ្រោះដែលបើកបររថយន្តសាំយ៉ុង ឈ្មោះនូ សេថារ័ត្ន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្លាប់បាត់បង់ជីវិត។

ប៉ូលិសចរាចរណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿង ម៉ាក ISUZU ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B-5444 បើកបរពីកើតទៅលិច ក្នុងល្បឿនលឿន ដោយមានសណ្តោងរុឺម៉ក ពេលមកដល់កន្លែងកើតហេតុ បានបុករថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A-5897 បើកបរទិសដៅស្របគ្នា ចំពីក្រោយ បណ្តាលឲ្យធ្លាក់ផ្លូវជ្រុលទៅបុកគល់ឈើនៅចិញ្ចើមផ្លូវ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅនឹងកន្លែង។

ក្រោយកើតហេតុ ម្ចាស់រថយន្ត ISUZU បានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ស្រមោល ទុកតែឡាន និងរុឺម៉កនៅកន្លែងកើតហេតុ ចំណែកសាកសពម្ចាស់រថយន្តសាំយ៉ុង ត្រូវសមត្ថកិច្ចទំនាក់ទំនងហៅក្រុមគ្រួសារ មកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។

វត្ថុតាងរថយន្តទាំងពីរគ្រឿង ត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕