Tuesday, July 29, 2025
Homeព័ត៌មានជាតិជូនប្រពន្ធដើរកម្សាន្តក្នុងទឹកដីថៃ ត្រូវរថយន្តវ៉ាជែងមកបុកស្លាប់

ជូនប្រពន្ធដើរកម្សាន្តក្នុងទឹកដីថៃ ត្រូវរថយន្តវ៉ាជែងមកបុកស្លាប់

ខេត្តប៉ៃលិន ៖ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនម្នាក់ បានបើករថយន្តដឹកប្រពន្ធ ឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ បំណងជូនប្រពន្ធទៅដើរកម្សាន្ត ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្តថៃមួយគ្រឿង បើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាប្តីទទួលរងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ បានស្លាប់តាមផ្លូវខណៈដែលកំពុងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី ប្រទេសថៃ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះឃាង ធារ៉ាថន អាយុ៤១ឆ្នាំ ជានាយកស្តីទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប៉ៃលិន។ ចំណែកបុរសជាប្តី មានឈ្មោះសៀក រតនៈ អាយុ៥០ឆ្នាំ ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន រងរបួសធ្ងន់ កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី។ ដោយឡែករថយន្តរបស់ជនរងគ្រោះ ម៉ាក CRV ពណ៌ទឹកប្រាក់ មិនស្គាល់ស្លាកលេខ ទទួលរងការខូចខាតទាំងស្រុង។ រីឯអ្នកបើកបររថយន្តភាគីថៃ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានបើករថយន្តរបស់ខ្លួនម៉ាក CRV ពណ៌ប្រាក់ ក្នុងទិសដៅពីកើតទៅលិច ដោយឆ្លងព្រំដែនខេត្តប៉ៃលិន ឆ្ពោះទៅខេត្តចាន់បូរី ប្រទេសថៃ លុះកំពុងតែធ្វើដំណើរ តាមបណ្តោយផ្លូវជាតិសុខៗ ក៏ស្រាប់តែមានរថយន្តថៃ១គ្រឿងម៉ាក មីតស៊ុយប៊ីស៊ី ពណ៌ស បានបើកបរវ៉ាជែងគ្នាដោយខ្វះការប្រុងប្រយ័ត្ន ក៏ធ្វើឱ្យជ្រុលចង្កូតទៅបុករថយន្តជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាប្តីទទួលរងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធស្លាប់នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យតែម្តង៕

RELATED ARTICLES