ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់នេះ រស់នៅស្រុកស្រែជនបទដាច់ស្រយាល មិនធ្លាប់ស្គាល់ដីក្រុងភ្នំពេញទាល់តែសោះ លុះមានប្រុសម្នាក់ ស្គាល់គ្នាតាមទូរស័ព្ទ (មិនធ្លាប់ឃើញមុខសោះ) បបួលឱ្យឡើងមកធ្វើការនៅភ្នំពេញ ក៏ស្រាប់តែខំស្កាត់ដំណើរឡើងមកជួបបុរសនោះ ទាំងមិនឱ្យឪពុកម្តាយបានដឹងសោះ ទីបំផុតត្រូវប្រុសព្រានលបមើលស្គាល់មុខ ឃើញសម្រស់មិនសូវស្អាត រូបរាងមិនសូវត្រូវប៉ាន់ ក៏ដោះដៃចោល មិនព្រមមកជួបមុខ ទុកឱ្យនារីរូបនេះតែលតោលគ្មានគោលដៅ សំណាងល្អបានជួបនឹងអ្នករត់ម៉ូតូឌុបចិត្តធម៌ ជួយនាំទៅប្រគល់ឱ្យវិទ្យុអេប៊ីស៊ី។
នារីវ័យក្មេងដែលប៊ិះនឹងចាញ់បញ្ឆោតប្រុសព្រានខាងលើនេះ មិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ (ហៅថាស្រីម៉ៅ) គ្រាន់តែដឹងថា មានអាយុ១៧ឆ្នាំ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមសម្តីនារីវ័យក្មេងខាងលើ (ស្រីម៉ៅ) បានរៀបរាប់ប្រាប់ថា នាងមិនបានរៀនសូត្រអ្វីជ្រៅជ្រះទេ ដោយសារតែគ្រួសារមានជីវភាពទីទ័លក្រ ទើបនាងត្រូវដើរស៊ីឈ្នួលគេ ដើម្បីរកប្រាក់មកជួយដោះស្រាយជីវភាព។ ក្រោយមក នាងក៏បានស្គាល់រាប់អានស្ត្រីម្នាក់ជាម្តាយធម៌ រស់នៅស្រុកក្រវាញ ហើយក៏បានសុំម្តាយបង្កើតចេញទៅជួយកាច់ពោតម្តាយធម៌។ បន្ទាប់មក នៅថ្ងៃមួយ នាងក៏បានទូរស័ព្ទបំណងខលទៅសួរសុខទុក្ខបងនៅខេត្តកំពង់ស្ពឺ តែចៃដន្យអី ក៏ច្រឡំលេខ ចូលទៅលេខបុរសម្នាក់ប្រាប់ថា ជាសន្តិសុខធ្វើការនៅខេត្តព្រះសីហនុ រួចក៏សុំរាប់អានគ្នា និងចេះតែទូរស័ព្ទមកនិយាយគ្នាជារៀងរាល់ថ្ងៃ។ ស្រាប់តែរយៈពេលប្រមាណកន្លះខែក្រោយមក បុរសដែលប្រាប់ថា ជាសន្តិសុខធ្វើការនៅខេត្ត ព្រះសីហនុនោះ បានឱ្យលេខទូរស័ព្ទនាងទៅបុរសម្នាក់ទៀត ដែលជាមិត្តភក្តិរបស់ខ្លួន ដោយបុរសនោះ មានឈ្មោះពៅ រស់នៅរាជធានីភ្នំពេញ និងប្រកបរបរជាមេការ តែមិនដឹងជាមេការអ្វីឱ្យពិតប្រាកដនោះទេ។
នាងស្រីម៉ៅ បានបន្តថា ក្រោយពីបានលេខទូរស័ព្ទរបស់នាងមក បុរសឈ្មោះពៅ ក៏បានទូរស័ព្ទ មកជជែកលេងជាមួយនាងរហូត ដោយសួរពីិរឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង តាំងពីអាយុ កម្ពស់ សម្បុរ រូបរាង ពិសេសសួរនាងថា មានសង្សារហើយឬនៅចំណែកនាងបាននិយាយប្រាប់ការពិតខ្លះ កុហកខ្លះថា នាងមានអាយុ២៧ឆ្នាំហើយ មានរូបរាងមិនសូវស្អាតទេ សម្បុរខ្មៅ និងមានប្តីរួចទៅហើយ។ ចំណែកបុរសរូបនោះ គេប្រាប់ថា រូបគេនៅកំលោះ មិនទាន់ស្គាល់រសជាតិស្នេហានៅឡើយ តែគេក៏មិនជឿថានាងមានប្តីនោះដែរ និងចេះតែអន្ទងសុំស្គាល់មុខរបស់នាងជាញឹក ញាប់ តែដោយសារនាងគ្មានទូរស័ព្ទទំនើបប្រើ មិនអាចថតរូប ផ្ញើឱ្យខាងប្រុសមើលបាន ទើបខាងប្រុសក៏មិនដែលបានឃើញមុខនាង ចំណែកនាង ក៏មិនដែលស្គាល់មុខខាងប្រុស។
នាងស្រីម៉ៅ បានឱ្យដឹងថា លុះក្រោយមកទៀត បុរសនោះបានអន្ទងហៅនាងឱ្យឡើងមកភ្នំពេញដើម្បីធ្វើការ ព្រោះរូបគេជាមេការមានការងារឱ្យនាងធ្វើ លុះនាងសួរថា ចង់ឱ្យនាងទៅធ្វើការអី គេក៏ប្រាប់ថា មកធ្វើការងារសំណង់ ទើបនាងប្រាប់ទៅវិញថា បើធ្វើការសំណង់ដដែល នាងនៅជួយកាច់ពោតម្តាយធម៌វិញល្អជាង ពេលនោះ បុរសខាងលើ ក៏ប្រាប់ថា ការងាររោងចក្រក៏មានដែរ និយាយរួម មានការងារច្រើនណាស់ ខ្វះតែមនុស្សធ្វើទេ។ លឺបែបនេះ នាងក៏ចាប់អារម្មណ៍ នឹកចង់ឡើងមកធ្វើការរោងចក្រនៅភ្នំពេញដូចគេដែរ ទើបនាងឆ្លើយយល់ព្រម ជាមួយបុរសនោះ រួចក៏សុំលាម្តាយធម៌ចេញមកធ្វើការនៅភ្នំពេញ ប៉ុន្តែនាងមិនបានប្រាប់ដំណឹងនេះឱ្យម្តាយឪពុកបង្កើតរបស់នាងនៅឯស្រុកកំណើតបានដឹងនោះទេ។ ពេលនោះ ម្តាយធម៌របស់នាង បានឱ្យលុយនាងចំនួន១៥ម៉ឺនរៀល ដើម្បីសោហ៊ុយឡើងទៅធ្វើការនៅភ្នំពេញ លុះបានលុយដល់ដៃ នាងក៏បានយកទៅទិញសម្លៀកបំពាក់ និងរបស់របរប្រើប្រាស់អស់ចំនួន១០ម៉ឺនរៀល នៅសល់៥ម៉ឺនរៀល ក៏យកទៅទិញសំបុត្រឡានចេញពីពោធិ៍សាត់មកភ្នំពេញតម្លៃ២៣០០០រៀល លុះដល់២៧០០០រៀល ចំណាយលើការហូបចុក ចាយវាយតាមផ្លូវអស់ល្មម។ ហើយមូលហេតុ ដែលនាងហ៊ានឡើងមកភ្នំពេញ ទាំងដែលគ្មានលុយ១រៀលជាប់ខ្លួននេះ ក៏ព្រោះតែជឿតាមសម្តីបុរសឈ្មោះពៅ ដែលអះអាងធានាថា ឱ្យតែឡើងមកដល់ភ្នំពេញ ការចាយវាយ ហូបចុក ស្នាក់នៅ គឺគេជាអ្នករ៉ាប់រងទាំងអស់។
នាងស្រីម៉ៅ បានឱ្យដឹងទៀតថា លុះពេលឡើងមកដល់បេនឡានផ្សារធំថ្មី នៅល្ងាចថៃទី២៩ ខែសីហា ឆ្នាំ២០១៨ នាងក៏បានទូរស័ព្ទទៅរកបុរសនោះ និងត្រូវគេប្រាប់ថា ឱ្យហៅម៉ូតូឌុបជិះទៅគល់ស្ពានច្បារអំពៅទៅ រូបគេនៅចាំទីនោះហើយ លុះទៅដល់គល់ស្ពានច្បារអំពៅ នាងខលទៅជាច្រើនដង តែត្រូវបុរសនោះ ម្តងនិយាយថារវល់ ម្តងនិយាយថាចាំបន្តិច លុះចុងក្រោយ ក៏ប្រាប់ឱ្យនាងជិះម៉ូតូឌុបទៅច្រមុះជ្រូកស្ទឹងមានជ័យ វិញ ពេលធ្វើដំណើរតាមផ្លូវនោះ ដោយសារទូរស័ព្ទនាងអស់ថ្ម ទើបនាងបានខ្ចីទូរស័ព្ទពូម៉ូតូឌុបទាក់ទងទៅបុរសនោះ និងចេះតែមានអារម្មណ៍ថា មានបុរសម្នាក់ពាក់អាវខ្មៅ ជិះម៉ូតូតាមជាប់ក្បែរនាងរហូត តែមិនឃើញគេកាន់ទូរស័ព្ទនិយាយទេ គ្រាន់តែមានកាសជាប់ត្រចៀកប៉ុណ្ណោះ ហើយពេលដែលនាងនិយាយទូរស័ព្ទ ជាមួយបុរសឈ្មោះពៅ នោះ គឺដូចជានៅក្បែរគ្នា ព្រោះពេលនាងជិះជិតឡានពេទ្យ លឺសំឡេងស៊ីរ៉ែនរោទិ៍ទ្រហឹង ក្នុងទូរស័ព្ទក៏លាន់សំឡេងស៊ីរ៉ែននោះដែរ តែនាងមិនចាប់អារម្មណ៍។ លុះមកដល់ច្រមុះជ្រូកស្ទឹងមានជ័យ ត្រង់ស្ថានីយ៍ប្រេង បុរសឈ្មោះពៅ ក៏បានទូរស័ព្ទមកសួរនាងថា នាងពាក់អាវយឺតដៃខ្លីពណ៌សមែនទេ? នាងក៏ឆ្លើយវិញថា បើឃើញនាងហើយ ម៉េចមិនមករកនាង ស្រាប់តែគេនិយាយថា គេគ្រាន់តែស្មានតើ។ បន្ទាប់មកបុរសនោះ បានសួរនាងទៀតថា ម៉េចក៏សម្បុរនាងខ្មៅម៉្លេះ លុះនាងសួរថា ឃើញនាងហើយមែនទេ ស្រាប់តែគេឆ្លើយថា គ្រាន់តែស្មានទេ។ ទីបំផុត បុរសឈ្មោះពៅ មិនព្រមមកជួបនាងនោះទេ ទោះជានាងនិយាយថា ពេលនេះ នាងគ្មានលុយ១រៀលជាប់ខ្លួនទេ មិនមានលុយឱ្យថ្លៃម៉ូតូឌុបហើយ មិនស្គាល់ផ្លូវទៀតផង តែគេបែរជាឆ្លើយថា ប្រពន្ធគេមិនឱ្យចេញពីផ្ទះទេ ធ្វើឱ្យនាងអស់ សង្ឃឹមយ៉ាងខ្លាំង មិនដឹង ថាត្រូវធ្វើអ្វីទៀតឡើយ។
នាងស្រីម៉ៅ បានបញ្ជាក់ថា ដោយសារតែបុរសឈ្មោះពៅ មិនមកទទួលនាងតាមការសន្យា ហេតុនេះ នាងក៏ប្រាប់ទៅពូម៉ូតូឌុបតាមត្រង់ថា នាងគ្មានលុយឱ្យថ្លៃម៉ូតូឌុបទេ តែប៉ះពូម៉ូតូឌុបចិត្តធម៌ដែរ គាត់ក៏និយាយថា មិនអីទេក្មួយអត់លុយក៏អត់ចុះ ហើយបានឱ្យនាងអង្គុយនៅ ម៉ាតក្នុងស្ថានីយប្រេងច្រមុះជ្រូកស្ទឹងមានជ័យ រកគេឱ្យជួយទៀតទៅ ចំណែកគាត់ត្រូវទៅរកស៊ីបន្តទៀត។ បន្ទាប់មក ក៏មានបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ ឃើញនាងគួរឱ្យអាណិត ក៏មកសួរនាំដំណើររឿង រួចក៏ហៅប្រពន្ធរបស់គាត់ មកជួយដឹកនាងទៅដាក់នៅវិទ្យុអេប៊ីស៊ី ដើម្បីឱ្យីស្នាក់នៅ បណ្តោះអាសន្នសិន ព្រោះយប់ជ្រៅណាស់ទៅហើយ។
តាមសម្តីបុរសជាអ្នករត់ម៉ូតូឌុបចិត្តធម៌ ដែលជួយជូនស្រីម៉ៅ មកដល់វិទ្យុអេប៊ីស៊ី បានរៀបរាប់ប្រាប់ថា មុនកើតហេតុ គាត់បានអង្គុយ ចាំម៉ូយនៅក្បែរម៉ាតស្ថានីយប្រេងច្រមុះជ្រូកស្ទឹងមានជ័យ រួចក៏ប្រទះឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូឌុបមកឈប់នៅក្បែរនោះ រួចក៏ខលទូរស័ព្ទចុះឡើងៗ ឆ្វាត់ឆ្វែង លុះគាត់នឹកឆ្ងល់ ក៏ទៅសួរបុរសជាអ្នករត់ម៉ូតូឌុបនោះ ទើបដឹងថា នារីរងគ្រោះត្រូវប្រុសព្រានម្នាក់បោកឱ្យឡើងមកជួប បំណងមិនល្អលើនាង តែពេលឃើញនាងមានរូបរាងសម្បុរស្បែកមិនល្អស្អាត មិនត្រូវចិត្តទើបដោះដៃវិញ ហើយបុរសកំហូចនោះ ថែមទាំងប្រាប់អ្នករត់ម៉ូតូឌុប ដែលជូននាងតាំងពីផ្សារថ្មីមកទៀតថា បើនាងអត់លុយឱ្យយកនាងទៅដេកកាត់លុយទៅ នាងព្រមហើយ តែអ្នករត់ម៉ូតូឌុប រូបនោះចិត្តធម៌ មិនធ្វើតាមសម្តីបុរសកំហូចនោះឡើយ៕