Friday, November 7, 2025
Homeព័ត៌មានជាតិចោរប្លន់អាជីព ៣៥០ដងមិនដែលភ្លាត់ សមត្ថកិច្ចបំបែកសម្បុកចាប់បានម្នាក់

ចោរប្លន់អាជីព ៣៥០ដងមិនដែលភ្លាត់ សមត្ថកិច្ចបំបែកសម្បុកចាប់បានម្នាក់

ភ្នំពេញ ៖ មុខសញ្ញាជនសង្ស័យដែលតែងធ្វើសកម្មលួចប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដែលធ្លាប់ធ្វើសកម្មភាពប្រមាណជាង៣៥០ដង មិនដែលភ្លាត់ (ប្លន់បានម៉ូតូជាង៣៥០គ្រឿង) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវបង្ក្រាបបានម្នាក់ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីវេលាម៉ោងនិង៤៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុខសញ្ញាលួចប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដើរលួចប្លន់ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកបក្ខពួកជិត១០នាក់ទៀត ដែលសុទ្ធតែមានជំនាញលួចប្លន់ដូចៗគ្នា កំពុងរត់គេចខ្លួន។

លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខ សញ្ញាលួចប្លន់ខាងលើនេះ បានបញ្ជាក់ប្រាប់ថា មុខសញ្ញាខាងលើនេះ បើតាមចម្លើយសារភាពរបស់ជនសង្ស័យ គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួចនិងប្លន់បានម៉ូតូជាង៣៥០គ្រឿងដែរ។

លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា បានបន្តថា ក្នុងនោះសកម្មភាពរបស់ពួកវាមាន៣រូបភាព គឺទី១-បើមើលទៅឃើញឱកាសស្ងាត់ល្អ គឺពួកវាលួចកាច់សោកម៉ូតូ ទី២- ពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជម្លោះជាមួយជនរងគ្រោះដែលត្រូវប្លន់ រួចដេញវាយគ្នា ដើម្បីបំភ័ន្តភ្នែកអ្នកជិតខាង បន្ទាប់មកឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្តង និងរូបភាពទី៣ គឺធ្វើសកម្មភាពភ្ជង់ប្លន់តែម្តង ដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ ១ដើម។

លោកឧត្តមសេនីយ៍ បានឱ្យដឹងបន្ថែមថា ជាក់ស្តែង កាលពីវេលាម៉ោង២និង៤៧នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ក្រុមជនសង្ស័យបានធ្វើសម្មភាពភ្ជង់ប្លន់យកម៉ូតូម៉ាកស៊ុយស៊ូគីនិក ១គ្រឿង ពីជនរងគ្រោះឈ្មោះស៊្រុន សុខផល្គុន ខណៈដែលជនរងគ្រោះទើបនឹងជិះចេញពីកន្លែងធ្វើការនៅតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសម្រេច។ ក្រោយពីត្រូវក្រុមជនសង្ស័យប្លន់យកម៉ូតូរួចហើយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងសុំអន្តរាគន៍ពីសមត្ថកិច្ច បន្ទាប់មក កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយរូបលោកផ្ទាល់ បានបើកការស្រាវជ្រាវរហូតដល់ម៉ោង៨យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ក៏ឃាត់បានមុខសញ្ញាខាងលើតែម្តង។ ចំណែកបក្ខពួករបស់ជនសង្ស័យជិត១០នាក់ទៀត បានរត់គេចខ្លួនអស់ទៅហើយ ដែលបច្ចុប្បន្នកំពុងតាមចាប់បន្ត។

តាមចម្លើយសារភាពរបស់ជនល្មើស បានឱ្យដឹងថា កន្លងមករូបវាធ្លាប់ធ្វើសកម្មភាពប្លន់នៅស្ថានីយប្រេងតេលា នៅគោកឃ្លាង ប្លន់យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់លួចម៉ូតូមិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ពួកវាមិនដែលបរាជ័យនោះទេ។

យ៉ាងណា នេះចាត់ទុកជាស្នាដៃមួយដ៏ល្អប្រសើរ សម្រាប់សមត្ថកិច្ចដែលបង្ក្រាបក្រុមចោរ ដែលធ្លាប់លួចប្លន់កន្លងមក បានជាង៣៥០ដង ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែមហាជនបានឆ្ងល់ថា ម៉ូតូប្រមាណ៣៥០គ្រឿង ដែលក្រុមជនសង្ស័យលួចប្លន់បាននោះ តើពួកវាយកទៅលក់នៅកន្លែងណា? នរណាឬក្រុមណាជាអ្នកទទួលទិញ ឬទទួលបញ្ចាំ (ទទួលផលចោរកម្ម)ទាំងនេះ?។

មហាជនបានលើកឡើងថា បើគ្មានកន្លែងទទួលទិញ ឬទទួលបញ្ចាំ ក៏បទល្មើសលួចប្លន់ ប្រាកដជាមិនមានច្រើនបែបនេះទេ៕

RELATED ARTICLES