Friday, November 7, 2025
Homeព័ត៌មានជាតិនាងនៅឯណាទៅ គេភ្ញាក់ផ្អើលគ្រប់គ្នាពេញវត្តនាគវ័ន្ត

នាងនៅឯណាទៅ គេភ្ញាក់ផ្អើលគ្រប់គ្នាពេញវត្តនាគវ័ន្ត

ភ្នំពេញ ៖ សាកសពនារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅទឹកស្រះក្នុងបរិវេណវត្តនាគវ័ន្ត បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង សង្ស័យថា ជាករណីឃាតកម្ម ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញ ចុះមកពិនិត្យភ្លាមៗ។

ហេតុការណ៍ប្រទះឃើញសាកសពនារីវ័យក្មេង អណ្តែតក្នុងស្រះទឹកវត្តខាងលើនេះ បានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង  កាលពីវេលាម៉ោង២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចស្រះទឹកវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

សាកសពនារីរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ២០ឆ្នាំ ពាក់អាវដៃខ្លីពណ៌ខ្មៅ ស្លៀកខោកីឡាពណ៌ទឹកប៊ិក ឆ្នូតក្រហម។

តាមសម្តីអ៊ំប្រុសឈ្មោះជុង សុខនី អាយុ៤៥ឆ្នាំ ដែលជាអ្នកមើលថែរក្សានៅក្នុងវត្តនាគវ័ន្ត បានរៀបរាប់ប្រាប់ថា នារីរងគ្រោះខាងលើនេះ គឺជាមនុស្សមានសតិមិនប្រក្រតីនោះទេ ហើយរយៈពេលប្រមាណ២-៣ខែកន្លងមកនេះ គាត់តែងឃើញនារីរងគ្រោះ មកអង្គុយលេងនៅក្នុងបរិវេណវត្តជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងផ្ទះសម្បែងនាងនៅឯណានោះទេ។

ប្រភពដដែលបន្តថា នៅមុខពេលកើតហេតុ គាត់បានដើរល្បាតត្រួតពិនិត្យសន្តិសុខសុវត្ថិភាពក្នុងបរិវេណវត្តនាគវ័ន្ត រួចក៏ចូលទៅសម្រាកនៅលើអង្រឹងក្បែរព្រះវិហារ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានក្មេងប្រុសម្នាក់ ឈ្មោះមែន បានរត់មកប្រាប់គាត់ថា គេបានប្រទះឃើញសពអណ្តែតទឹកស្រះក្នុងវត្ត តែគាត់មិនជឿ ប៉ុន្តែដោយមិនអស់ចិត្ត គាត់ក៏បានដើរទៅមើល ស្រាប់តែប្រទះឃើញសាកសពអណ្តែតទឹកស្រះពិតប្រាកដមែន។ បន្ទាប់មកគាត់ក៏បានរត់ទៅហៅប្រជាការពារភូមិ ឱ្យទាក់ទងទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច័យ បានចុះមកដល់កន្លែងកើតហេតុ ហើយបានស្រង់សាកសពនារីរងគ្រោះខាងលើ យកមកលើគោកដើម្បីត្រួតពិនិត្យ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា នារីរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងឡើយ។

សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES