Friday, November 7, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ដាច់ខ្សែរ៉តធ្លាក់ពីជាន់ទី៧ កម្មករ៤នាក់ ឆ្អឹងខ្ទេចស្លាប់

ពុទ្ធោ!!! ដាច់ខ្សែរ៉តធ្លាក់ពីជាន់ទី៧ កម្មករ៤នាក់ ឆ្អឹងខ្ទេចស្លាប់

ខេត្តប៉ៃលិន ៖ កម្មករសំណង់មួយក្រុម បាននាំគ្នាជិះកន្ត្រកខ្សែរ៉តយោងពីក្រោមឡើងទៅការដ្ឋានជាន់ទី១២ ដើម្បីបំពេញការងាររៀងៗខ្លួន ស្រាប់តែអកុសលអ្វី ខណៈដែលឡើងដល់ត្រឹមជាន់ទី៧ ខ្សែរ៉តនោះក៏បានដាច់ បណ្តាលឱ្យធ្លាក់ចុះមកដីបុកជាមួយនឹងដែកនៅខាងក្រោម បណ្តាលឱ្យកម្មករ៤នាក់បាក់ដៃជើង ឆ្អឹងឆ្អែងខ្ទេច ស្លាប់យ៉ាងអាណោចអាធ័មបំផុត ចំណែកកម្មករម្នាក់ទៀតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។

ហេតុការណ៍ដាច់ខ្សែរ៉តកន្ត្រកយោងក្នុងការដ្ឋានសំណង់អគារ១២ជាន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានសំណង់អគារ១២ជាន់ ជាប់ផ្លូវជាតិលេខ៥៧ ទល់មុខសណ្ឋាគារម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនរងគ្រោះទាំង៤នាក់ ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ដាច់ខ្សែរ៉តធ្លាក់ចុះពីជាន់ទី៧មកដីនេះ រួមមាន ទី១-ឈ្មោះថោន កក ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិស្តុកស្តម ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពងធំ ទី២-ឈ្មោះពឿ សារី ហៅបូរី ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៣-ឈ្មោះប្រាក់ ឃឿន ភេទប្រុស អាយុ៣៨ឆ្នាំ ទី៤-ឈ្មោះលឹម វែង ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលទទួលរងរបួសធ្ងន់ មានឈ្មោះតន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ ជនរងគ្រោះទាំង៥នាក់ខាងលើ សុទ្ធតែជាកម្មករសំណង់បម្រើការងារ និងស្នាក់នៅក្នុងការដ្ឋានទីតាំងកើតហេតុខាងលើទាំងអស់គ្នា។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រង់ចាំក្រុមគ្រួសារមកទទួលយកដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES