ខេត្តបាត់ដំបង ៖ បុរស២នាក់ បានជួបជុំគ្នាផឹកស៊ីយ៉ាងសប្បាយក្អាកក្អាយ លុះផឹកស្រវឹងក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតធ្វើឱ្យភាគីម្ខាងចងគំនុំ ក៏ធ្វើសកម្មភាពលបស្ទាក់ផ្លូវគូទំនាស់ រួចយកដុំថ្មវាយទៅលើជនរងគ្រោះរហូតដល់ស្លាប់ បន្ទាប់មកក៏បោះសពចូលទៅក្នុងទឹកស្ទឹងដើម្បីបំបាត់ភ័ស្តុតាង ទីបំផុតឈាមស្រែកស្បែកហើយ ២ថ្ងៃក្រោយមក សាកសពជនរងគ្រោះក៏អណ្តែតឡើង និងត្រូវបានអ្នកភូមិប្រទះឃើញ ប្តឹងសមត្ថកិច្ចចុះពិនិត្យស្រាវជ្រាវ ក៏ឈានដល់ការចាប់ខ្លួនឃាតករ យកទៅចាត់ការតាមច្បាប់។
ករណីឃាតកម្មដ៏ឃោរឃៅវាយសម្លាប់ រួចទម្លាក់សពចូលទឹកស្ទឹងនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ លុះមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ សាកសពជនរងគ្រោះក៏បានអណ្តែតឡើងក្នុងទឹកស្ទឹងសង្កែ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតករបាន នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។
ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចច្ចាប់ឃាត់ខ្លួន មានឈ្មោះចាន់ សុហេង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្ត កោះកុង សព្វថ្ងៃមកស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះធឿន មករា ហៅស៊ុយ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕