ភ្នំពេញ ៖ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៥:១០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពរំលោភសេពសន្ថវ:ក្មេងស្រីម្នាក់ នៅចំណុចក្នុងការដ្ឋានសំណង់ក្រុមហ៊ុន MCC បន្ទប់លេខ៣០៣ ជាន់ទី២ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៧:០០នាទីល្ងាច ស្ថិតនៅតាមផ្លូវលេខ១១០ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
ជនសង្ស័យមានឈ្មោះ ប៉ែត គាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ផ្នែកអូសឥដ្ឋ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ព-ស-ក ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ អ្នកទាំង២ស្នាក់នៅបណ្ដោះអាសន្ន ក្នុងការដ្ឋានសំណង់ក្រុមហ៊ុន MCC ។
តាមប្រភពបានឲ្យដឹងថា អំឡុងខែកក្កដា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ និងជនសង្ស័យមានទំនាក់ទំនងស្រលាញ់គ្នា រហូតក្លាយជាសង្សារនឹងគ្នា ស្រលាញ់ចិត្តនិងចិត្ត លុះមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងប្រហែល១៧និង០០នាទី ក្មេងស្រីរងគ្រោះបានដើរចេញពីបន្ទប់របស់ខ្លួន គោលបំណងទៅលេងបន្ទប់មិត្តរួមការងារ ឈ្មោះស្រីម៉ៅ ដែលត្រូវជាបងថ្លៃរបស់ជនសង្ស័យ កំពុងស្នាក់នៅការដ្ឋានសំណង់ក្រុមហ៊ុន MCC ជាមួយគ្នានោះ ដើម្បីបបួលឈ្មោះ ស្រី ម៉ៅ ដើរលេងទៅកោះពេជ្របន្ទាប់ពីបើកលុយរួច។
ប្រភពបានបន្តទៀតថា ពេលទៅដល់បន្ទប់ឈ្មោះស្រីម៉ៅ ក៏ឃើញជនសង្ស័យឈ្មោះ ប៉ែត គាន់ កំពុងតែដេកក្បែរជញ្ជាំងក្នុងបន្ទប់នោះដែរ ពេលនោះនៅពេលដែលឈ្មោះ ស្រីម៉ៅ បានចេញទៅបត់ជើងនៅបន្ទប់ទឹកបាត់ ស្រាប់តែជនសង្ស័យឆ្លៀតឳកាសចាប់ក និងចាប់អូសដៃក្មេងស្រីរងគ្រោះ ចូលទៅកន្លែងដេករបស់ខ្លួន រួចចាប់សំរាតខោអាវ ទោះជាក្មេងស្រីព្យាយាមស្រែកឲ្យគេជួយយ៉ាងណា ក៏គ្មានអ្នកឮដែរ ព្រោះមេឃភ្លៀងខ្លាំង ធ្វើឲ្យជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវ: រហូតបានសម្រេច។
ប្រភពបានឲ្យដឹងថា ក្រោយពីជនសង្ស័យបានសម្រេចហើយ ក្មេងស្រីរងគ្រោះក៏រត់ចេញពីការដ្ឋានសំដៅទៅវត្តនាគវ័ន្ត ហើយបានយកអំបែងដបមកអារកដៃខ្លួនឯង ព្រោះខឹងខ្លួនឯង និងខ្លាចឪពុកនិងម្ដាយដឹងរឿង។ រហូតដល់ម៉ោងប្រហែល២១:០០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះបានត្រឡប់មកបន្ទប់ស្នាក់នៅក្នុងការដ្ឋានសំណង់វិញ ពេលនោះឪពុកម្តាយក្មេងស្រីរងគ្រោះបានឃើញកូនស្រីរបួសដៃខាងឆ្វេង ក៏សួរដេញដោល ទើបនារីជនរងគ្រោះប្រាប់ពីមូលហេតុត្រូវជនសង្ស័យជាសង្សារចាប់រំលោភបានសម្រេច ។ ក្រោយកូនស្រីប្រាប់ពីមូលហេតុហើយ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០:០០នាទីព្រឹក ឪពុកនារីរងគ្រោះបាននាំនារីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី៣ ចាត់ការតាមនីតិវិធីច្បាប់ ។
ពេលទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះប៉ែត គាន់ នៅក្នុងការដ្ឋានសំណង់ នាំខ្លួនមកប៉ុស្តិ៍ ពេលនោះសមត្ថកិច្ចបានឲ្យជនសង្ស័យពិនិត្យទឹកនោម ក៏ឃើញមានសារធាតុញៀន ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងរៀបចំសំណុំបែបបទ ដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕