ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដាក់បង្អោងឬស្សី ឡើងទៅលើដំបូលវិហារ បំណងលួចចាប់សត្វព្រាបនៅក្នុងវត្ត យកមកធ្វើម្ហូបក្លែមស្រា ស្រាប់តែអកុសល បាក់បង្អោង ក៏បណ្តាលឱ្យធ្លាក់ចុះពីលើដំបូលវិហារ បោកទៅនឹងថ្មស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខឿនព្រះវិហារវត្តកោះជុំ មានទីតាំងស្ថិតក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ។

បុរសរងគ្រោះដែលធ្លាក់ពីលើដំបូលវិហារស្លាប់ មានឈ្មោះឈន សុខា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើត ហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានលីបង្អោងឫស្សីមួយដើម ចូលក្នុងវត្ត ប៉ុន្តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ ឬដឹងថា ជនរងគ្រោះយកបង្អោងឬស្សីចូលវត្តធ្វើអ្វីនោះទេ។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លាន់ឮសំឡេងធ្លាក់ដូចដូងទុំជ្រុះ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់តាចារ្យ និងព្រះសង្ឃគង់នៅក្នុងវត្ត ក៏ដូចជាប្រជាពលរដ្ឋដើរកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើខឿនព្រះវិហារបាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា នៅក្បែរសាកសព សមត្ថកិច្ចបានរកឃើញបង្អោងឬស្សីមួយដើម។ តាមការសន្និដ្ឋានរបស់គណៈកម្មការវត្ត ក៏ដូចជាព្រះសង្ឃ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះទំនងជាផឹកស្រាស្រវឹង រួចក៏មានបំណងឡើងចាប់ព្រាបវត្ត ដែលនៅលើដំបូលព្រះវិហារ យកទៅក្លែមស្រា តែអកុសល បាក់បង្អោងឬស្សី បណ្តាលឱ្យធ្លាក់ស្លាប់បែបនេះតែម្តង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា តាមការបំភ្លឺរបស់ប្រជាពលរដ្ឋនៅទីនោះ និងយោងតាមការពិនិត្យរបស់សមត្ថកិច្ច ឃើញថា ជនរងគ្រោះពិតជាធ្លាក់ពីលើដំបូលវិហារប្រាកដមែន ដោយបន្សល់ទុកបង្អោងឫស្សីមួយដើម ដួលក្បែរជញ្ជាំងព្រះវិហារ។

សាកសពខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕