Monday, July 28, 2025
Homeព័ត៌មានជាតិស្រវឹងពេករកផ្លូវទៅផ្ទះមិនឃើញ ដេកស្លាប់ក្នុងគុម្ពចេក

ស្រវឹងពេករកផ្លូវទៅផ្ទះមិនឃើញ ដេកស្លាប់ក្នុងគុម្ពចេក

ខេត្តកំពង់ចាម ៖ បុរសម្នាក់ចូលចិត្តផឹកស្រាស្រវឹងជាប់ជាប្រចាំ ទោះជាក្រុមគ្រួសារហាមឃាត់យ៉ាងណាក៏មិនស្តាប់ លុះក្រោយពីផឹកស្រាស្រវឹងជោកជាំ រកផ្លូវត្រឡប់ទៅផ្ទះមិនឃើញ ក៏ដើរទៅដេកក្នុងគុម្ពចេក រួចក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចម្ការចេក ស្ថិតក្នុងភូមិអណ្តូងតាឡឹង ឃុំថ្មពូន ស្រុកព្រៃឈរ។

បុរសរងគ្រោះ ដែលត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងគុម្ពចេកនេះ មានឈ្មោះយាន ណារិន  អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិតាអុង ឃុំតាអុង ស្រុកចំកាលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង២៤នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ គេឃើញជនរងគ្រោះ បានផឹកស្រាបៀរជាមួយនឹងក្រុមគ្រួសារនៅឯក្បាលទឹកឆា ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ។ លុះក្រោយពីផឹកស្រវឹង ជោកជាំខ្លាំងពេក ក៏ស្រាប់តែវង្វេងរកផ្លូវទៅផ្ទះអត់ឃើញ ដើរតែម្នាក់ឯងទៅដួលចូលគុម្ពចេកចំណុងទីតាំងកើតហេតុខាងលើ តែភ្លាមនោះមិនទាន់ស្លាប់ទេ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ព្យាយាមជួយសង្គ្រោះដែរ តែអកុសល ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ទៅ ទើបប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ លោកកែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំជំនាញសហការជាមួយកំលាំងប៉ុស្តិ៍ចុះមកដល់កន្លែងកើតហេតុខាងលើ ជាចម្ការរបស់ឈ្មោះយិន អូន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ រួចក៏បានបង្កើតគណៈកម្មការចំរុះធ្វើការត្រួតពិនិត្យលើសាកសពតែម្តង។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវនៅកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺរបស់សាក្សី អាចបញ្ជាក់បានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន ពោលគឺពុំមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕

RELATED ARTICLES