ខេត្តកណ្តាល ៖ បុរសម្នាក់បានអង្គុយផឹកស្រាតែម្នាក់ឯងរហូតដល់ស្រវឹង ក៏ដើរទៅលេងមាត់ទន្លេ លុះឃើញអ្នកស្គាល់គ្នាកំពុងអង្គុយផឹក ស៊ីនៅលើបង់មាត់ទន្លេ ក៏ចូលរួមវង់ផឹកស៊ីជុំគ្នា ស្រាប់តែបន្តិចក្រោយមក ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតឈានដល់ អំពើហិង្សា ទាញកាំបិតចាក់គូទំនាស់ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចសួនច្បារមាត់ស្ទឹង ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ជនសង្ស័យដែលចាក់ប្រហារគូទំនាស់ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសា តាម អាយុ៥៧ឆ្នាំ (រងរបួសស្នាម១កន្លែងត្រង់បាតដៃខាងស្តាំ)។ ចំណែកជនរងគ្រោះ មានឈ្មោះសុខ ចាន់ អាយុ៤៤ឆ្នាំ (រងរបួសស្នាម៣កន្លែង ត្រង់កញ្ចឹងក១កន្លែង ខ្នង១កន្លែង និងកំភួនដៃខាងឆ្វេង១កន្លែង)។ ជនសង្ស័យ និងជនរងគ្រោះ មានលំនៅក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ចំណែកវត្ថុតាងដកហូតបានមានកូនកាំបិតចុងស្រួច១ មានប្រវែង២០សង់ទីម៉ែត្រ (ជារបស់ជនសង្ស័យ)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យបានអង្គុយផឹកស្រាតែម្នាក់ឯង នៅផ្ទះរបស់ខ្លួន អស់កន្លះលីត្រ បន្ទាប់ពីផឹករួច ជនសង្ស័យក៏ដើរកំសាន្តលេងនៅសួនច្បារមាត់ស្ទឹងតាខ្មៅ ខណៈនោះក៏ឃើញជនរងគ្រោះកំពុងអង្គុយផឹកស្រា ជាមួយមិត្តភក្តិម្នាក់ទៀត នៅលើបង់សម្រាប់អង្គុយលេង។ ភ្លាមនោះជនសង្ស័យក៏ដើរចូលទៅផឹកជាមួយអស់មួយកែវ រួចក៏និយាយទាស់ពាក្យសំដីគ្នា ធ្វើឱ្យជនសង្ស័យ និងជនរងគ្រោះប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យក៏បានយកកូនកាំបិតចាក់លើជនរងគ្រោះចំនួន៣កាំបិត ចំកញ្ចឹងក១កន្លែង ខ្នង១កន្លែង និងកំភួនដៃខាងឆ្វេង១កន្លែង បណ្តាលឱ្យរងរបួសធ្ងន់ និងបង្កឱ្យមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង និងដល់សមត្ថកិច្ចចុះមកធ្វើការចាប់ខ្លួនជនសង្ស័យ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕