ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សាយកមួកសុវត្ថិភាពវាយក្បាលជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ដោយគ្រាន់តែមានជម្លោះគ្នាតាមផ្លូវបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។
ជនសង្ស័យទាំង២នាក់ ដែលព្រួតវាយគូទំនាស់បណ្តាលឱ្យរងរបួសធ្ងន់ រួមមាន ទី១-ឈ្មោះមឿន សុបៃ អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិម៉ឺនសាយ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ និងទី២-ឈ្មោះមឿន សុបិន អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិឃុំជាមួយគ្នា។
ចំណែកជនរងគ្រោះ មានឈ្មោះទី ឡា អាយុ២៦ឆ្នាំ មានលំនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ។
តាមសម្តីជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលបង្កឱ្យមានហិង្សាខាងលើនេះ កើតឡើងដោយសារតែពួកគេ មានជម្លោះទាស់ពាក្សសំដីគ្នាតាមផ្លូវជាមួយជនរងគ្រោះ ដោយរូបខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Cy1870។ ចំណែកជនរងគ្រោះបើករថយន្តម៉ាកហាយឡែនឌឺ តែម្នាក់ឯង លុះក្រោយពីទាស់សម្តីគ្នាតិចតួច ស្រាប់តែជនរងគ្រោះបានចុះពីរថយន្ត ដើរមករកពួកខ្លួន ធ្វើឱ្យពួកខ្លួននឹកស្មានតែមកវាយពួកគេ ទើបដោះមួកសុវត្ថិភាពវាយក្បាលជនរងគ្រោះ បណ្តាលឱ្យបែកក្បាល ហូរឈាមតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅប៉ុសិ៍នគរបាលរដ្ឋបាលអង្គតាសូ ព្រមទាំងដកហូតយកវត្ថុតាងម៉ូតូមួយគ្រឿងមកដោះស្រាយតាមច្បាប់ផងដែរ៕