ខេត្តពោធិ៍សាត់ ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ គ្រាន់តែប្រពន្ធសុំចេញទៅស៊ីឈ្នួលគេ ដើម្បីរកប្រាក់មកជួយសម្រាលបន្ទុកគ្រួសារ ក៏រករឿងឈ្លោះប្រកែក ដោយសារតែមានចិត្តប្រចណ្ឌ ហើយទោះជាប្រពន្ធព្យាយាមពន្យល់ហេតុផលយ៉ាងណា ក៏មិនព្រមស្តាប់ ទីបំផុត ក៏ផ្ទុះជាអំពើហិង្សា ស្ទុះទៅដាល់ប្រពន្ធដែលកំពុងមានជំងឺលើសឈាមប្រចាំកាយផង ចំនួន២ដៃ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងត្រូវសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់ បន្សល់ទុកកូនប្រុសស្រី៣នាក់ ក្លាយជាក្មេងកំព្រា។

ករណីហិង្សាប្តីដាល់ប្រពន្ធបណ្តាលឱ្យស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ។
ជនដៃដល់ជាឃាតករដែលវាយប្រពន្ធបណ្តាលឱ្យស្លាប់ មានឈ្មោះឈន ឆេង អាយុ៥១ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះមៃ ហិន អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរមានកូនក្នុងបន្ទុកចំនួន៣នាក់ (ស្រី២ ប្រុស១) និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ ពិតជាទទួលរងអំពើហិង្សាពីបុរសជាប្តី បណ្តាលឱ្យស្លាប់ប្រាកដមែន មូលហេតុ ដោយសារតែស្ត្រីរងគ្រោះ បានកើតមានជំងឺលើសឈាមប្រចាំកាយផង។
បន្ទាប់មក សមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តី នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីធ្វើការសាកសួរ។

អ្វីដែលធ្វើឱ្យអ្នកស្រុកភូមិ ក៏ដូចជាមហាជនទូទៅ ខ្លោចចិត្តអាណិតអាសូរបំផុតនោះ គឺក្មេងប្រុសស្រីចំនួន៣នាក់ ដែលត្រូវជាកូនរបស់ស្ត្រីរងគ្រោះនិងជនដៃដល់ ត្រូវបានក្លាយខ្លួនជាក្មេងកំព្រាត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីម្តាយស្លាប់ ចំណែកឪពុកដែលជាឃាតករ ត្រូវជាប់ទោសទណ្ឌក្នុងរឿងឃាតកម្ម៕