ទីបំផុត កីឡាករ Christino Ronaldo ខ្សែប្រយុទ្ធសេះបង្កង់ Juventus រកគ្រាប់បាល់បានជាលើកដំបូង នៅក្នុងទឹកដីអ៊ីតាលី ជួយឱ្យក្រុមរបស់គេយកឈ្នះ Sassuolo ដោយលទ្ធផល 2-1 នៅក្នុងពហុកីឡដ្ឋាន Allianz Stadium កាលពីរាត្រីថ្ងៃអាទិត្យ ទី16 ខែកញ្ញា ឆ្នាំ2018 កន្លងទៅនេះ។
ខ្សែប្រយុទ្ធដែលទើបផ្លាស់មកពីក្លឹប Real Madrid មួយនេះ បានចំណាយពេល320នាទី នៅលើសមរភូមិវាលស្មៅថ្មីទឹកដីក្រុង Torino ប្រទេសអ៊ីតាលី ទម្រាប់សមទៅនឹងបរិយាកាសនៅទីនោះ រកគ្រាប់បាល់បញ្ចូលទីបានដំបូង ។
ប្រកួតកាលពីរាត្រីថ្ងៃអាទិត្យ កំពូលខ្សែប្រយុទ្ធលើពិភពលោក រកគ្រាប់បាល់បាន2គ្រាប់ម្នាក់ឯង នៅនាទី50 និង65 នាំមុខក្លឹប Sassuolo។
នេះគឺជាជ័យជម្នះ4លើកជាប់ៗគ្នា របស់ក្លឹបជើងឯករាប់សម័យកាល Juventus។
ទោះជាយ៉ាងណាក្តី នៅនាទី90បូក1 ក្លឹប Sassuolo រកបានមួយគ្រាប់វិញ ស៊ុតបញ្ចូលទីដោយកីឡាករ Babacar មុននឹងអជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត90នាទី។
បន្ទាប់ពីរកគ្រាប់បាល់បាន Ronaldo និយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលរកគ្រាប់បាល់បានដំបូងនៅក្នុងទឹកដីអ៊ីតាលី។ ខ្ញុំមានការអន្ទះសារណាស់ក្នុងការរកគ្រាប់បាល់ តែទើបមានសំណាងថ្ងៃនេះ”៕