ភ្នំពេញ ៖ ធ្លាប់តែឃើញបវរកញ្ញា ជ័យលាភី គេបំពាក់មកុដឲ្យ តែពេលនេះ លោកខែម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បែជាចេញច្រៀងតាមឆាក ត្រូវគេសែងអង្គុយលើកៅអី ឡើងដល់ឆាក នោះលោកពាក់មកុដដែរ ទើប Fan របស់សិរីមន្ដ បានហៅតារា Galaxy រូបនេះថា ជាស្ដេចចម្រៀង ប៉ុន្ដែខ្លះទៀតបានសម្ដែងការមិនពេញចិត្ត និងថា «លើសហើយ» ទៅវិញ ។ យ៉ាងណាការលេងខ្លួនកាន់តែប្លែក របស់លោកសិរីមន្ត នាពេលនេះ ក្រោយមានការរិះគន់ពីសកម្មជនបក្សប្រឆាំង នៅក្រៅស្រុក លោក ផន ផាន់ណា រឿងលោកអង្គុយលើកៅអីស្នែង ឡើងឆាក ដោយពេលខ្លះមានគេរុញ ពេលខ្លះមានគេសែង និងយកក្រណាត់ធំ ស្រដៀងភួយ គ្របលើខ្លួន ច្រៀងរាំ ដែលគេមិនធ្លាប់ឃើញតារាណាធ្វើបែបនេះពីមុនឡើយ ។ ប៉ុន្ដែលោកសិរីមន្ដ បានពន្យល់ទៅលោកផាន់ណា វិញថា លោកប្រឡូកសិល្បៈ ជាង២០ឆ្នាំហើយ ការសម្ដែងទាល់តែរិះរកអ្វីប្លែកៗ ទើបធ្វើឲ្យអ្នកទស្សនាមិនសាំ ។

តារាចម្រៀងលោកសុះ ម៉ាច
ទាក់ទងការតែងខ្លួន ទាំងគ្រឿងអលង្ការ សម្លៀកបំពាក់ និងពាក់មកុដ ឡើងឆាកនេះខេមរៈ សិរីមន្ដ ថាលោកជោគជ័យ គឺដោយសាតែមានភរិយាលោកនៅពីក្រោយជានិច្ច ពោលគឺប្រពន្ធ ជាអ្នករៀបចំឲ្យលោកទាំងអស់។ យ៉ាងណា អ្នកនាង គួយ ផល្លី មិនត្រឹមតែជាទីប្រឹក្សា ជំនួយការប្ដីទេ ប៉ុន្ដែកន្លងមក អ្នកនាងក៏ធ្លាប់ដឹកនាំសម្ដែង MV បទចម្រៀងប្ដីផងដែរ អំឡុងលោកថៃ ច្រៀងនៅហង្សមាស។



មហាជនលើកឡើងថា ខេមរៈ សិរីមន្ដ ពាក់មកុដឡើងច្រៀងនោះ មិនមែនជារឿងចៃដន្យទេ ប៉ុន្ដែជាការបង្ហាញថា ខ្លួននៅតែខ្លាំង និងចង់ប្រជែងទីផ្សារចម្រៀង យកតំណែងលេខ១ នៅឆ្នាំ២០២៦ បើទោះជានៅ Galaxy ពេលនេះ មិនទាន់ដឹងថា តើលោកខែម ប៊ុនថៃ ឈរនៅលេខប៉ុន្មានក៏ដោយ ប៉ុន្ដែការល្បីបទ «បើគេសួរអូន» របស់ព្រាប សុវត្ថិ បញ្ជាក់ថា លោកក៏នៅតែជាតារានាំមុខគេម្នាក់ របស់ផលិតកម្មមួយនេះដែរ ហេតុនេះហើយ សិរីមន្ដ ឬសុវត្ថិ ជាស្ដេច នៅតែគ្មានអ្វីបញ្ជាក់បាន។

លោកខេមរៈ សិរីមន្ដ និងបងប្រុសលោកខេមរៈ ភារុណ
អតីតប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច ប្រាប់អ្នកព័ត៌មាន «នគរធំ» នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថាជាធម្មតាទេ Fan ហៅតារាគេគាំទ្រ ថាជា «សេ្ដចចម្រៀង» ព្រោះតែគេស្រលាញ់ចូលចិត្ត ។ លោកថា ការតែងខ្លួនប្លែកៗរបស់តារា ជារឿងល្អ ព្រោះបើលេងស្ទីលដដែល ជាសត្រូវនៃភ្នែកអ្នកទស្សនា ។ ប៉ុន្ដែលោកថា ដ៏រាបណាតំណែងជា «ស្ដេចចម្រៀង » ឬលេខ១ ជាដើម មិនទាន់មានការបញ្ជាក់ជាផ្លូវការពីព្រះបរមរាជវាំង រាជរដ្ឋាភិបាល ឬក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាដើមនោះ មិនទាន់អាចយកជាផ្លូវការបានទេ ។ ប៉ុន្ដែសួរថាការហៅថា ជាស្ដេចចម្រៀងនោះ ខុសឬអត់? គឺជាទូទៅ អត់ខុសទេ ព្រោះគោរមងារនោះ Fan របស់គេ ជាអ្នកដាក់ឲ្យ ។លោកថា ជាក់ស្ដែង ដូចជា លោកស៊ីន ស៊ីសាមុត ទទួលបានគោរមងារពីព្រះរាជវាំង ថាជាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នោះទើបជាគោរមងារជាផ្លូវការតែម្ដង ដែលប្រជាជនខ្មែរ គ្រប់ស្រទាប់ ទទួលស្គាល់ ។



លោក សុះ ម៉ាច ប្រាប់ដែរថា លោកខេមរៈ សិរីមន្ដ តាំងពីចេញពីហង្សមាស ទៅ Galaxy មិនសូវមានបទចម្រៀងច្រើនដូចមុនទេ តែនោះជាគោលការណ៍របស់ផលិតកម្មគេ ប៉ុន្ដែពេលចេញបទមួយៗ ក៏មានការគាំទ្រច្រើនដែរ ។ លោកថា សម័យនេះហើយ ទោះច្រៀងអត់ផលិតកម្ម ក៏នៅតែល្បីដែរ ព្រោះសំខាន់នៅលើ «សមត្ថភាព» ។ លោកថា តារាខ្លះ ច្រៀងនៅ Studio ត្រឹមត្រូវ តែអត់ល្បី ចាញ់តារាខ្លះ ច្រៀងលេងតាមហ្វេសប៊ុក ទិកតុក ល្បីជាងក៏មាន ប៉ុន្ដែការច្រៀងនៅផលិតកម្មមួយ ក៏ល្អដែរ ព្រោះគេមានក្រុមការងារ គោល ការណ៍ច្បាស់លាស់ក្នុងការចេញបទចម្រៀង ។

ថ្វីដ្បិតតែលោកខេមរៈ សិរីមន្ដ បង្ហាញថា ប្រពន្ធលោក ជួយឲ្យជោគជ័យនៅក្រោយខ្នងខ្លួនជានិច្ច ពាក់ព័ន្ធការ រៀបចំសម្លៀកបំពាក់ និងគ្រឿងអលង្ការ ប៉ុន្ដែអ្នកជំនាញថា លោកខេមរៈ ភារុណ ជាបងប្រុសលោកទេ ដែលជាអ្នកកំណត់វាសនាអាជីពតារាចម្រៀងកូន៣ រូបនេះថា អាចល្បីថែមទៀត ឬទៅលែងរួច ព្រោះបទចម្រៀងល្បីៗរបស់សិរីមន្ដ ភាគច្រើនលោកភារុណ ជាអ្នកនិពន្ធទំនុកច្រៀង សឹងតែទាំងអស់ ព្រោះលោកដឹងពីបច្ចេក ទេស តិចនិកការប្រើសំឡេងរបស់លោកថៃ ។ ប្រភពថា លោកសិរីមន្ត អាចនឹងមានការគាំទ្រដូចមុនឡើងវិញ ប្រសិនបើលោកផ្អាកចេញមុខការពារថៅកែ និងអ្នកនយោបាយ ព្រោះការពាក់មកុដ នាពេលនេះ បញ្ជាក់ថា លោកចាប់ផ្ដើមអុកឡុកទីផ្សារចម្រៀងជាថ្មី និងមិនចង់នៅក្រោមតារាណាម្នាក់ទេ ៕

