កូរ៉េខាងត្បូង ៖ តារាចម្រៀង សុខ ពិសី បានហោះទៅកូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ហើយគ្រាន់តែជាន់ដីកូរ៉េ ភ្លាម នាងត្អូញថា ត្រជាក់ និយាយឡើងហុយផ្សែងតាមមាត់ ។ អ្នកលេងបណ្ដាញសង្គម ប្រាប់ពិសី ថាបើដឹងថានៅកូរ៉េ ត្រជាក់ខ្លាំងអ៊ីចឹង ម៉េចនាងមិនយកភួយសាច់ (សង្សារ) ទៅផង? ប៉ុន្ដែពិសី ដែ លអង្គុយនៅហាងមួយនៅកូរ៉េ ម្រាមដៃស្ដាំនាង ទល់ដៃប្រុសម្នាក់ ផ្គួបជារង្វង់បេះដូង ដែលគេសង្ស័យជា សង្សារនោះ ថាបុរសនោះ ជាប្អូនប្រុសពៅ របស់នាងទេ សូមកុំមានការយល់ច្រឡំក្ដី ។ ពិសី ក៏មិនទាន់កំណត់ថ្ងៃវិលមកស្រុកខ្មែរ វិញដែរ ប៉ុន្ដែមុនឡើងយន្ដហោះ តារាសាច់សខ្ចីរូបនេះ បានប្រកាសថា នាងសុំពេលមួយខែ ដើម្បីដើរលេងសប្បាយ ។

តារាចម្រៀងសុខ ពិសី ជាមួយឪពុក និងក្មួយស្រី
តាមរយៈការអះអាងបែបនេះ បញ្ជាក់ថា ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ពិសី នឹងបាត់មុខពីឆាកតន្រ្ដីក្នុងស្រុក រហូតដល់ថ្ងៃចូលឆ្នាំខ្មែរ នាពាក់កណ្ដាលខែមេសា ហើយនឹងខាតលុយធំ នៅរដូវក្ដៅនេះ ជាមិនខាន ព្រោះជាទូទៅ តារាល្បីៗ នៅរដូវក្ដៅនេះ ពួកគេចេញច្រៀងសឹងតែគ្រប់ថ្ងៃទាំងអស់ ក្នុង១ខែៗ ហើយនាខែត្រូវប៉ាន់ (ខែវិច្ឆិកា-មេសា) នេះ តារាល្បីលំដាប់ពិសី អាចរកប្រាក់ចំណូលបាន មិនក្រោម ៥ម៉ឺនដុល្លារឡើយ ក្នុង១ខែ។

សូមបញ្ជាក់ថា សុខ ពិសី ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងជ្រើសរើសប្រឹងច្រៀងរកលុយផង ដើរលេងផង ដោយនាងបានទៅដើរកម្សាន្ដនៅសហរដ្ឋអាមេរិក និងជប៉ុន ជាដើម ទើបលើកនេះ ហោះទៅកូរ៉េខាងត្បូង ម្ដង ដែលដំណើរនេះ មិនពាក់ព័ន្ធការសម្ដែងសិល្បៈទេ ។ មុនចេញទៅសប្បាយនៅកូរ៉េ ឬអាចបង្ហួសទៅប្រទេសជិតខាង ដល់ទៅ ១ខែនោះ ពិសី បានសម្រុកចេញច្រៀងនៅតាមក្លឹប និង Pub ជាបន្ដបន្ទាប់ ហេតុនេះ ដើម្បីលើកទឹក ចិត្តខ្លួនឯង ឬសាកថ្មជីវិត ឲ្យមានឋាមពល នាងបានទៅលម្ហែខួរក្បាល នៅក្រៅប្រទេស ជាញឹកញាប់។ប៉ុន្ដែមិនមែនតែពិសី ម្នាក់ទេ ព្រោះពេជ្រ សោភា, មាន សូនីតា, ពេជ្រ សូលីកា, ទេព បូព្រឹក្ស,លោកខេម, ខេមរៈ សិរីមន្ដ និងតារាល្បីៗផ្សេងទៀត ក៏តែងតែចេញទៅកម្សាន្ដនៅក្រៅស្រុក បន្ទាប់ពីហត់នឿយការងារសិល្បៈរបស់ពួកគេ ពេញ១រដូវក្ដៅ ។


តារាចម្រៀងសុខ ពិសី និងប្អូនប្រុស
សុខ ពិសី អាយុ៣៦ឆ្នាំ ជាតារាដែលប្រុសៗលេងបណ្ដាញសង្គម អាចការផ្ញើសារសុំស្រលាញ់ ឬកាត់តរូបភាពធ្វើជាគូស្នេហ៍នាងបាន ដោយគ្មានបញ្ហា ដោយពិសី មិនដែលប្រតិកម្មលើរឿងទាំងនេះទេ គឺមានតែរីករាយ ព្រោះមានអ្នកស្រលាញ់ច្រើន ខណៈដែលមិត្តភក្ដិ និង Fan ព្យាយាមជំរុញឲ្យនាងគិតគួររឿងរៀបការ តែនាងនៅតែមិនហ៊ានប្រថុយឡើយ ។ អ្វីដែលទស្សនិកជន មិនអស់ចិត្ត គឺពិសី ល្បីជំពប់ស្នេហ៍ថៅកែសាន់ដេ លោក ឡាយ សុខចំរើន ជាង១០ឆ្នាំទៅហើយ រហូតមកដល់ពេលនេះ ទាំងសងខាងមិនដែលចេញមុខបំភ្លឺ ពាក់ព័ន្ធរឿងនេះម្ដងណាឡើយ។


ប្រភពថា សម្រាប់តារាល្បីៗ ចេញទៅដើរលេងនៅក្រៅប្រទេស ម្ដងៗ ពួកគេចំណាយលុយ ម៉ឺនដុល្លារ ព្រោះស្នាក់នៅសណ្ឋាគារប្រណិត និងភាគច្រើនជិះយន្ដហោះកៅអីប្រភេទ Business Class និងចំណាយខ្ពស់លើការទិញអ៊ឺវ៉ាន់ម៉ាកល្បី ប្រេនប្រេន ។ ការទៅដើរលេងនៅបរទេស ជាបន្ដបន្ទាប់ របស់ពិសី នាប៉ុន្មានឆ្នាំចុង ក្រោ យនេះ បញ្ជាក់ថា នាងស្ថិតក្នុងលំដាប់តារាជូរមុខដែលរកប្រាក់ចំណូលបានច្រើន ប្រចាំឆ្នាំ ព្រោះបើតារាខ្លះ រក តែលុយចាក់សាំងឡាន មិនបាន និងខ្លះប្រឈមដាច់បាយ ប្រាកដជាមិនអាចមានលទ្ធភាពទៅដើរលេងនៅបរទេស ញឹកញាប់បែបនេះបានឡើយ ។ ប៉ុន្ដែតារាមិនទាន់ការប្ដី ភាគច្រើនពួកគេបណ្ដើរសង្សារ ទៅជាមួយ ដើម្បីរឹតចំណងស្នេហា ចម្លែកតែពិសី មិនព្រមយកសង្សារ ទៅជាមួយ បែរជាបណ្ដើរប្អូន ទៅជាមួយទៅវិញ ៕

