ខេត្តកណ្តាល ៖ ក្មេងស្រីម្នាក់ វ័យ៥ឆ្នាំ ត្រូវបានពូសាច់ថ្លៃ លួងលោមចាប់យកទៅឃុំទុកនៅក្នុងផ្ទះ ដើម្បីជំរិតទារលុយពីឪពុកម្តាយក្មេងស្រីរងគ្រោះ ចំនួន១ម៉ឺនដុល្លារ ដោយជនសង្ស័យបានចងស្លាបសេក ចងជើង និងយកស្កុតបិទមាត់ក្មេងស្រី យ៉ាងសាហាវព្រៃផ្សៃ រហូតដល់ ក្មេងស្រី ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ករណីចាប់ជំរិត បង្ខាំងធ្វើទារុណកម្មក្មេងស្រី រហូតដល់ស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ក្មេងស្រីរងគ្រោះ ដែលត្រូវជនដៃដល់ចាប់ជំរិត ឈ្មោះ រតនា ម៉េងស៊ីម អាយុ៥ឆ្នាំ មានឪពុកឈ្មោះទេព រតនា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ម្តាយឈ្មោះជឿន ស៊ីនួន អាយុ២៩ឆ្នាំ មុខរបរលក់ដូរ និងមានលំនៅភូមិកំពង់សំ ណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យ មានឈ្មោះគឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ចំពោះវត្ថុតាងចាប់យក រួមមាន ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាកណូគា អិនចុចពិល ពណ៌ខៀវ និងម៉ាក oppo ពណ៌ខ្មៅ)។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ រាល់ថ្ងៃសៅរ៍-អាទិត្យ តែងតែនាំគ្នាទៅលេងស្រុកកំណើត នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ហើយកន្លងមក ជនសង្ស័យឈ្មោះគឹម វណ្ណា បានឆាតខ្ចីលុយ ឈ្មោះជឿន ស៊ីនួន ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ ជាញឹកញាប់ ដោយឈ្មោះជឿន ស៊ីនួន ចូលមើលឆាត តែមិនឆ្លើយតបទេ ហើយពេលនោះ ជនសង្ស័យឈ្មោះគឹម វណ្ណា ក៏បានលុបឆាតចោលវិញ។ លុះមក ដល់វេលាម៉ោង ៨និង២៥នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្មេងស្រីរងគ្រោះ ឈ្មោះ រតនា ម៉េងស៊ីម និងបងស្រីឈ្មោះ រតនា ពេជ្ររ៉ា អាយុ៩ឆ្នាំ បាននាំគ្នាទៅលេងដីឡូត៍ មួយកន្លែង របស់ឈ្មោះ ថាច មករា ដែលស្ថិតនៅខាងមុខ ជិតផ្ទះ។

ប្រភពដដែល បន្តថា ក្រោយមក ជនសង្ស័យឈ្មោះគឹម វណ្ណា បានដើរមកនិយាយលួងលោមក្មេងស្រីរងគ្រោះ ឈ្មោះ រតនា ម៉េងស៊ីម ឱ្យទៅញ៉ាំអំពៅ នៅក្នុងផ្ទះរបស់ខ្លួន។ ពេលទៅដល់ ជនសង្ស័យបានចាប់បីក្មេងស្រីរងគ្រោះ ឡើងលើផ្ទះ និងឱ្យតុក្កតាលេង។ បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពយកស្កុតសថ្លា ចាប់ចងដៃជើងរុំនឹងស្កុត និងរុំស្កុតបិទមាត់ក្មេងស្រីរងគ្រោះ ហើយលើកដាក់ចូលទៅក្នុងគ្រែប្រអប់ និងដាក់ពូកសង្កត់ពីលើ។ ពេលនោះ ឈ្មោះធី ណារ៉ុង ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានជិះម៉ូតូមកពីផ្សារ ស្រែកសួរទៅជន សង្ស័យ ជាប្តី ឈ្មោះគឹម វណ្ណា ថានៅលើផ្ទះ កំពុងធ្វើអី? ជនសង្ស័យឆ្លើយថា កំពុងធ្វើបង្អួចផ្ទះ វាខូច។ ដោយមិនបានចាប់អារម្មណ៍ ឈ្មោះ ធី ណារ៉ុង ក៏បានធ្វើម្ហូបនៅផ្ទះបាយ ខាងក្រោម ហើយបានហៅជនសង្ស័យ ហូបបាយ ពេលហូបបាយរួច ជនសង្ស័យបានជិះម៉ូតូ ចេញទៅខាងក្រៅបាត់។

ប្រភពខាងលើ បានឱ្យដឹងបន្តទៀតថា លុះមកដល់វេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃដដែល ឈ្មោះជឿន ស៊ីនួន ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានដើររកកូន ដើម្បីមកហូបបាយ តែរកមិនឃើញ។ បន្ទាប់មក ឈ្មោះជឿន ស៊ីនួន បានឆែកកាមេរ៉ាសុវត្ថិភាពមើល ក៏ឃើញកូនស្រីរបស់ខ្លួន ដើរទៅជាមួយជនសង្ស័យ ស្រាប់តែដល់ម៉ោង ១១និង៣៩នាទីព្រឹកថ្ងៃ ដដែល ក៏មានសារមួយ បានឆាតមកក្នុងទូរស័ព្ទរបស់ឈ្មោះជឿន ស៊ីនួន (ម្តាយក្មេងស្រីរងគ្រោះ) ដោយសរសេរថា “កូនអ្ហែង នៅក្នុងឡានអញ ចង់បានកូនមកវិញ ឱ្យអញមួយម៉ឺនដុល្លារមុនមក អញទុកពេលឱ្យ មួយម៉ោង បើលើសមួយម៉ោង ចាំយកសពកូនអ្ហែងទៅ ដាក់លុយតាមវីងមក 0978309128 អញប្រាប់ឱ្យហើយ តែដឹងឮដល់ប៉ូលិស និងអ្នកជិតខាង ប្រយ័ត្នអត់បានជួបកូន…”។ ពេលមើលសាររួចហើយ ឈ្មោះជឿន ស៊ីនួន ក៏បានមកប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីឱ្យជួយស្រាវជ្រាវ។ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យបាន យកមកធ្វើការសាកសួរ តែជនសង្ស័យមិនព្រមសារភាព។ លុះដល់ម៉ោង ៤និង២៥នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចធ្វើការឆែកឆេរផ្ទះជនសង្ស័យ ទើបប្រទះឃើញសពក្មេងស្រីរងគ្រោះ នៅក្នុងគ្រែប្រអប់ ក្រោមពូក។

ក្រោយមក ទើបជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពចាប់ជំរិតក្មេងស្រីរងគ្រោះ ទារប្រាក់ប្រា កដមែន ដោយធ្វើតែម្នាក់ឯង មិនពាក់ព័ន្ធនឹងឈ្មោះ ធី ណារ៉ុង ត្រូវជាប្រពន្ធឡើយ។ សូមបញ្ជាក់ថា ម្តាយជនរងគ្រោះ និងឈ្មោះ ធី ណារ៉ុង (ប្រពន្ធជនសង្ស័យ) ត្រូវជាបងប្អូនជីដូនមួយ។

ករណីនេះ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕